មន្ត្រី ២រូបដែលដឹងអំពីបញ្ហានេះ បានប្រាប់សារព័ត៌មាន Reuters ថា សមាជិកសភារបស់ប្រទេសក្រិក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី៤ ខែធ្នូ) បានអនុម័តលើការទិញប្រព័ន្ធបាញ់គ្រាប់រ៉ូកែត PULS ចំនួន ៣៦គ្រឿង ពីអ៊ីស្រាអែល ក្នុងតម្លៃប្រហែល ៦៥០លានអឺរ៉ូ (៧៥៧លានដុល្លារ)។
ក្រិកបានឲ្យដឹងថា ខ្លួននឹងចំណាយប្រហែល ២៨ពាន់លានអឺរ៉ូ (៣២,៦៦ពាន់លានដុល្លារ) នៅឆ្នាំ២០៣៦ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈដែលប្រទេសនេះងើបចេញពីវិបត្តិបំណុលឆ្នាំ ២០០៩-២០១៨ ហើយប្រឹងប្រែងតាមឲ្យទាន់កម្រិតរបស់គូប្រជែងជាប្រវត្តិសាស្ត្រ គឺទួរគី។

មន្ត្រីជាន់ខ្ពស់ដែលដឹងអំពីបញ្ហានេះ បានប្រាប់សារព័ត៌មាន Reuters ថា៖ «នៅក្នុងសម័យប្រជុំបិទទ្វារ គណៈកម្មាធិការការពារជាតិរបស់សភា បានអនុម័តលើការទិញប្រព័ន្ធ PULS»។
ចំណែកមន្ត្រីទី២ បានបញ្ជាក់ពីការអនុម័តរបស់សភា ដោយបន្ថែមថា ការចំណាយនឹងមានប្រហែលពី ៦៥០ ទៅ ៧០០លានអឺរ៉ូ។ សារព័ត៌មាន Reuters បានរាយការណ៍កាលពីខែវិច្ឆិកាថា ក្រិកកំពុងពិភាក្សាជាមួយអ៊ីស្រាអែល ដើម្បីទិញប្រព័ន្ធនេះ។ ជាមួយគ្នានេះ ក្រិកក៏កំពុងពិភាក្សាជាមួយអ៊ីស្រាអែល ក្នុងការអភិវឌ្ឍប្រព័ន្ធការពារប្រឆាំងយន្តហោះ និងមីស៊ីលដែលមានតម្លៃ ៣ពាន់លានអឺរ៉ូ។
មន្ត្រីទាំង ២រូប បានបន្ថែមថា ប្រព័ន្ធ PULS ដែលផលិតដោយក្រុមហ៊ុន Elbit របស់អ៊ីស្រាអែល បាញ់បានចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ ហើយនឹងជួយការពារព្រំដែនភាគឦសាននៃប្រទេសក្រិកជាមួយទួរគី និងប្រជុំកោះក្រិក នៅតំបន់ Aegean។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងការផលិតសមាសភាគ ក្នុងប្រទេសក្រិកផងដែរ៕
