ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែធ្នូ) បានបញ្ជាក់ថា ប្រទេសរបស់លោកនឹងបន្តទទួលយកជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសតាមផ្លូវអាកាសពីសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងដែលបានឈានដល់ កាលពីខែមករា។
សារព័ត៌មាន Telesur ដែលមានមូលដ្ឋាននៅវ៉េណេស៊ុយអេឡា បានរាយការណ៍ថា មេដឹកនាំវ៉េណេស៊ុយអេឡា បានប្រកាសថា យន្តហោះដឹកជនអន្តោប្រវេន៍វ៉េណេស៊ុយអេឡាចំនួន ២៦៦នាក់ ចេញពីសហរដ្ឋអាមេរិក បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Maiquetia Simon Bolivar។

ចំនួនជនអន្តោប្រវេសន៍វិលត្រឡប់ទៅវ៉េណេស៊ុយអេឡាវិញ ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះឡើងដល់៥២៥នាក់ហើយ។ ហើយលោក Maduro បាននិយាយថា ជើងហោះហើរមួយផ្សេងទៀត នឹងទៅដល់នៅថ្ងៃបន្ទាប់ ហើយដំណើរការនឹងបន្ត។
លោកបានបញ្ជាក់ទៀតថា ប្រទេសវ៉េណេស៊ុយយអេឡា បានទទួលយកជើងហោះហើរត្រឡប់មកវិញ តាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដោយកត់សម្គាល់ថា មានការរំខាននាពេលថ្មីៗនេះ។ លោក Maduro បាននិយាយថា លោកបានទទួលសំណើដោយផ្ទាល់មួយ ដើម្បីបន្តផែនការដឹកជញ្ជូនជាមួយយន្តហោះអាមេរិក ហើយបានយល់ព្រម ចំពោះការស្នើនោះ។
កិច្ចសហប្រតិបត្តិការលើការនិរទេសនេះ នៅតែកើតឡើង បើទោះបីជាទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា មានភាពតានតឹងខ្លាំងក៏ដោយ។ សហរដ្ឋអាមេរិកបានពង្រីកប្រតិបត្តិការយោធា នៅទូទាំងតំបន់អាមេរិកឡាទីន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយដាក់ពង្រាយនាវាចម្បាំង យន្តហោះចម្បាំង និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតទៅកាន់តំបន់ការ៉ាអ៊ីប៕
