កងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF)និយាយប្រាប់កាសែត Al Jazeera ថា ចំនួនមនុស្សស្លាប់ពីការវាយប្រហាររបស់កងកម្លាំងគាំទ្ររហ័ស(RSF) លើសាលាមតេយ្យសិក្សា និងទីតាំងផ្សេងទៀតនៅទីក្រុង Kalogi ស្ថិតក្នុងរដ្ឋ South Kordofan បានកើនឡើងដល់ ៤៧នាក់ ដែលភាគច្រើននៃពួកគេគឺជាក្មេងៗ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កងកម្លាំង RSF បានវាយប្រហារសាលាមតេយ្យសិក្សាកាលពីថ្ងៃព្រហស្បតិ៍ ហើយបន្ទាប់មកងាកមកវាយប្រហារជនស៊ីវិលដែលជួបជុំគ្នា ដើម្បីជួយ ស្របពេលកើតមានការសម្លាប់រង្គាល ។ មន្ទីរពេទ្យទីក្រុង និងអគាររដ្ឋាភិបាល ត្រូវបានទម្លាក់គ្រាប់បែកផងដែរ ។

ប្រភពបន្តថា ចំនួនមនុស្សស្លាប់សរុបនៅមិនទាន់អស់នោះទេ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងរបស់ជនរងគ្រោះ ។
ក្រុមបណ្តាញគ្រូពេទ្យស៊ូដង់ រាយការណ៍កាលពីដំបូងថា មនុស្សយ៉ាងហោច ៩នាក់ ត្រូវបានសម្លាប់ រួមទាំងកុមារ ៤នាក់ និងស្រ្តី ២នាក់ ក្នុងការវាយប្រហារយានដ្រូនអត្តឃាតនៅទីក្រុង Kalogi ធ្វើឡើងដោយកងកម្លាំង RSF និងសម្ព័ន្ធមិត្តរបស់ពួកគេដែលជាក្រុមចលនា al-Hilou មកលើសាលាមតេយ្យសិក្សា និងទីតាំងស៊ីវិលជាច្រើនទៀត ។
ពួកគេបន្តថា ការវាយប្រហារនេះ បានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយជាការបន្តមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។
វាគឺជាគំរូចុងក្រោយគេនៃអំពើឃោឃៅរបស់កងកម្លាំង RSF លើជនស៊ីវិលនៅក្នុងសង្រ្គាមស៊ីវិលស៊ូដង់ដ៏អាក្រក់នេះ ដែលបច្ចុប្បន្នឈានចូលដល់ឆ្នាំទី ៣ទៅហើយ ៕
