ធនាគារជាតិ កម្ពុជា នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២៥ នេះ បានជូន សេចក្តីជូនដំណឹង សារជាថ្មីថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូត អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការកាលពីខែកញ្ញា ឆ្នាំ២០២៤ និងត្រូវបានជម្រះបញ្ជីដោយ ក្រុមហ៊ុន រីចន៍ & ផាតនើរ (REACHS & PARTNERS CO., Ltd.) ចប់ជាស្ថាពរស្របតាមនីតិវិធីច្បាប់ កាលពីខែមិថុនា ឆ្នាំ២០២៥។
ទោះបីជាយ៉ាងនេះក្តី ធនាគារជាតិនៃកម្ពុជា សង្កេតឃើញមានការតវ៉ាពីសាធារណជនមួយចំនួន ក្នុងបណ្តាញសង្គម ដោយអះអាងថា ជាម្ចាស់បំណុលដែលមិនទាន់ទទួលបានការទូទាត់នៅឡើយ ពីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក។
ធនាគារជាតិនៃកម្ពុជា សូមស្នើឱ្យសាធារណជនដែលបានអះអាងថា មានជាប់ពាក់ព័ន្ធជាមួយ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក អញ្ជើញមកធនាគារជាតិនៃកម្ពុជា អគារសែនសុខ ដើម្បីកំណត់នូវអត្តសញ្ញាណ ដោយភ្ជាប់មកជាមួយនូវភស្តុតាង ឬឯកសារពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ត្រឹមម៉ោង ១៦:០០ នាទី។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា សូមក្រើនរំលឹកដល់សាធារណជន បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ដែលបច្ចុប្បន្នមិនទាន់មានការផ្តល់ អាជ្ញាប័ណ្ណឱ្យធ្វើអាជីវកម្មពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ។
