
រយៈពេល ២សប្តាហ៍ក្រោយការចាប់ពង្រាត់មួយក្នុងចំណោមការចាប់ពង្រាត់សិស្សសាលាដ៏អាក្រក់បំផុតនៅប្រទេសនីហ្សេរីយ៉ា ឪពុកម្តាយក្មេងៗបាត់ខ្លួនជាង ២៥០នាក់ ទន្ទឹងរង់ចាំដោយអន្ទះសារដំណឹងកូនៗរបស់ពួកគេ និងខកចិត្តចំពោះអ្វីដែលពួកគេមើលឃើញថាជាការឆ្លើយតបយឺតយ៉ាវពីក្រុមអាជ្ញាធរ ។
លោក Anthony Chieme គឺជាម្ចាស់តូបលក់អាហារសម្រន់នៅជិតផ្ទះរបស់លោក គឺជាឪពុកក្មេងស្រីអាយុ ៩ឆ្នាំ និងក្មេងប្រុសអាយុ ១៨ឆ្នាំ ដែលស្ថិតក្នុងចំណោមក្មេងៗត្រូវបានគេចាប់ពង្រាត់កាលពីថ្ងៃទី ២១ ខែវិច្ឆិកា នៅភូមិដាច់ស្រយាល Papiri ស្ថិតនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ។
កាលពីរយៈពេល ៤ឆ្នាំមុន ទាហានបានដុតកម្ទេចចោលផ្ទះរបស់លោក អំឡុងការវាយឆ្មក់ក្រុមចោរព្រៃ បង្ខំឲ្យគ្រួសារជម្លៀសខ្លួនទៅកាន់ភូមិ Papiri ។
លោក Chieme ទើបចាប់ផ្តើមធុរកិច្ចរបស់លោកឡើងវិញ ពេលដែលការចាប់ពង្រាត់ កើតឡើង ។ បច្ចុប្បន្នដោយមានទារកអាយុទើប ១ខែនៅផ្ទះ វិបត្តិបានជាន់ពន្លិចគ្រួសាររបស់លោក ជាពិសេសភរិយារបស់លោក ។
ពេលកាន់អាវពណ៌ខៀវកូនប្រុសរបស់លោក លោក Chieme និយាយថា លោកនឹកកូនៗរបស់លោកខ្លាំងណាស់ លោកមិនអាចដេកពួនបាននោះទេ លោកបរិភោគអាហារមិនចូលនោះទេ ។

សមាគមគ្រិស្តនីហ្សេរីយ៉ា និយាយថា ក្មេងៗ ៣០៣នាក់ និងបុគ្គលិកសាលារៀន ១២នាក់ ត្រូវបានចាប់ពង្រាត់ដោយក្រុមខ្មាន់កាំភ្លើងនៅសាលាកាតូលិក St Mary's ស្ថិតក្នុងភូមិ Papiri រដ្ឋ Niger ។
នៅប៉ុន្មានម៉ោងក្រោយ សិស្សសាលា ៥០នាក់ អាចរត់គេចខ្លួនបាន ប៉ុន្តែចាប់តាំងពីពេលនោះមក ពុំមានដំណឹងពីទីកន្លែង ឬស្ថានភាពរបស់ក្មេងៗ ២៦៥នាក់ទៀតនោះឡើយ ដែលក្មេងខ្លះមានអាយុត្រឹម ៦ឆ្នំាប៉ុណ្ណោះ និងបុគ្គលិកសាលារៀនបាត់ខ្លួន ៕