លោក Prasanna Shantha Kumara បើកតុកតុកចេញពីមណ្ឌលជួយសង្រ្គោះ ជាទីដែលលោកបានរស់នៅចាប់តាំងពីព្យុះស៊ីក្លូនសម្លាប់មនុស្ស វាយប្រហារភូមិ Kithulbadde របស់លោក ស្ថិតនៅភាគកណ្តាលប្រទេសស្រីលង្កា ទៅកាន់ផ្ទះរបស់លោកដែលរងការខូចខាតដោយអន្លើរ ។
ចង្អុរស្នាមប្រេះនៅក្នុងបន្ទប់ទទួលភ្ញៀវផ្ទះរបស់លោក លោក Kumara បានរំឭកដល់ពេលដែលស្នាមប្រេះទាំងនេះ កើតឡើង ពេលដែលព្យុះស៊ីក្លូន Ditwah បោកបក់ជិតមកដល់ ។ ភ្លាមៗនោះ បុរសវ័យ ៤៨ឆ្នាំរូបនេះ បានជម្លៀសគ្រួសារ និងអ្នកជិតខាងរបស់លោកទៅកាន់ទីកន្លែងសុវត្ថិភាព ជាទីដែលពួកគេរង់ការមកដល់របស់ព្យុះ ។
លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពេលដែលពួកយើងវិលត្រឡប់មកវិញ ពួកយើងមើលផ្ទះឃើញថាបានរងការខូចខាតដល់កម្រិតមួយដែលពួកយើងមិនអាចរស់នៅបាន ។ បើសិនជាពួកយើងស្នាក់នៅ ពួកយើងប្រាកដជារងរបួសជាក់ជាពុំខាននោះទេ ។
លោកថា នេះគឺជាអ្វីដែលលោកចង់បង្ហាញ ។ មកទល់នឹងថ្ងៃនេះ គ្មាននរណាម្នាក់មកមើលអ្វីបានកើតឡើងចំពោះពួកយើងនោះឡើយ ។ មកទល់នឹងពេលនេះ គ្មាននរណាម្នាក់មកមើលការខូចខាតអ្វីខ្លះបានកើតឡើងចំពោះផ្ទះរបស់ពួកយើងនោះឡើយ ។
លោក Kumara ត្រូវធ្វើដំណើរចុះឡើងដឹកគ្រួសារបស់លោកមកផ្ទះ ដើម្បីមើលថែដំណាំម្ទេសដែលរងការខូចខាត និងងាប់ជាបណ្តើរៗ ។
ទិន្នន័យរដ្ឋាភិបាលបង្ហាញថា មនុស្សប្រហែល ៤៧៩នាក់ ត្រូវបានសម្លាប់នៅក្នុងព្យុះស៊ីក្លូន Ditwah ដែលនាំមកជាមួយខ្យល់បក់ខ្លាំង និងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ហើយនិងធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋ ១,២លាននាក់ ។ ចំណែកឯមនុស្ស ៣៥០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
ផ្ទះសរុប ១.២៨៩ខ្នងនៅទូទាំងប្រទេសស្រីលង្កា ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ខណៈផ្ទះ ៤៤.៥០០ខ្នងទៀត រងការខូចខាតដោយអន្លើរ ៕

