ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រ (ទី៥ ខែធ្នូ) បានបញ្ជាក់ថា ទីក្រុងមូស្គូ និងញូវដេលី កំពុងធ្វើការ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យដល់កម្រិត ១០០ពាន់លានដុល្លារ ខណៈដែលពាណិជ្ជកម្មទ្វេភាគី បានឡើងដល់ទំហំខ្ពស់បំផុត។
អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងញូវដេលី បន្ទាប់ពីមានកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi លោក Putin បាននិយាយថា កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មបានកើនឡើង ១២ភាគរយទៀត ដោយធ្វើឲ្យមានកម្រិតខ្ពស់បំផុតថ្មី។
លោកបានបន្តទៀតថា៖ «តួលេខស្ថិតិមានភាពខុសគ្នាបន្តិចបន្តួច ប៉ុន្តែជារួម វាមានចំនួនប្រហែល ៦៤-៦៥ពាន់លានដុល្លារ។ វាត្រូវបានគេព្យាករថា ទំហំពាណិជ្ជកម្ម សម្រាប់ឆ្នាំនេះ នឹងនៅតែមានកម្រិតប្រហាក់ប្រហែលគ្នា។ តែវាហាក់ដូចជាអាចទៅរួច ដែលពួកយើងធ្វើឲ្យសូចនាករនេះឡើងដល់កម្រិត ១០០ពាន់លានដុល្លារ»។
មេដឹកនាំរុស្ស៊ី បានពន្យល់បន្ថែមថា ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរុស្ស៊ី-ឥណ្ឌា រហូតដល់ឆ្នាំ២០៣០ ត្រូវបានសម្របសម្រួល កំណត់ស្តង់ដារសម្រាប់ស្ថាប័នអន្តររដ្ឋាភិបាល ដើម្បីសម្រួលដល់ពាណិជ្ជកម្ម ជំរុញគម្រោងរួមគ្នា ហើយពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការវិនិយោគ។
ជាមួយគ្នានេះដែរ ស្របពេលដែលក្រុងវ៉ាស៊ីនតោនដំឡើងពន្ធ ៥០ភាគរយលើការនាំចូលឥណ្ឌា មួយផ្នែកដោយសារឥណ្ឌាទិញប្រេងពីរុស្ស៊ី អំឡុងពេលមានជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន លោក Putin បាននិយាយថា ក្រុងមូស្គូត្រៀមរួចជាស្រេច ក្នុងការបន្តធានាការផ្គត់ផ្គង់ប្រេងដោយមិនមានការរំខានដល់ឥណ្ឌា៕

