មន្ត្រីមន្ទីរបញ្ចកោណបានប្រាប់អ្នកការទូតនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះថា សហរដ្ឋអាមេរិកចង់ឲ្យអឺរ៉ុបគ្រប់គ្រងដោយភាគច្រើន លើសមត្ថភាពការពាររបស់អង្គការណាតូ (NATO) រាប់ចាប់ពីការស៊ើបការណ៍សម្ងាត់ រហូតដល់មីស៊ីល ត្រឹមឆ្នាំ២០២៧ ជាថ្ងៃកំណត់ដ៏តឹងរ៉ឹងដែលបានធ្វើមន្ត្រីអឺរ៉ុបមួយចំនួនស្ថិតក្នុងភាពមិនប្រាកដនិយម។
សារដែលត្រូវបានរៀបរាប់ឡើងវិញដោយប្រភពចំនួន ៥ ដែលដឹងពីការពិភាក្សានេះ ក្នុងនោះរួមមានទាំងមន្ត្រីសហរដ្ឋអាមេរិកមួយរូបផងដែរ ត្រូវបានប្រាប់នៅក្នុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដល់បុគ្គលិកមន្ទីរបញ្ចកោណដែលត្រួតពិនិត្យគោលនយោបាយរបស់អង្គការណាតូ និងគណៈប្រតិភូអឺរ៉ុបមួយចំនួន។
ការផ្លាស់ប្តូរបន្ទុក ពីសហរដ្ឋអាមេរិកទៅសមាជិកអឺរ៉ុបនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនេះ នឹងកែប្រែយ៉ាងខ្លាំងនូវរបៀបដែលសហរដ្ឋអាមេរិក ក្នុងនាមជាសមាជិកស្ថាបនិកបង្កើតសម្ព័ន្ធភាពនេះ ក្រោយសង្គ្រាម ធ្វើការជាមួយដៃគូយោធាដ៏សំខាន់បំផុតរបស់ខ្លួន។
នៅក្នុងជំនួបនោះ មន្ត្រីមន្ទីរបញ្ចកោណបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន មិនទាន់ពេញចិត្ត ចំពោះការបោះជំហានរបស់អឺរ៉ុប ក្នុងការបង្កើនសមត្ថភាពការពាររបស់ខ្លួននៅឡើយទេ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
ប្រភពដែលបាននិយាយក្នុងលកខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារពិភាក្សាមានលក្ខណៈឯកជន បានបញ្ជាក់ថា មន្ត្រីសហរដ្ឋអាមេរិក បានប្រាប់សមភាគីរបស់ពួកគេថា ប្រសិនបើអឺរ៉ុបមិនបំពេញតាមកាលកំណត់ឆ្នាំ២០២៧ ទេនោះ សហរដ្ឋអាមេរិកអាចនឹងឈប់ចូលរួមក្នុងយន្តការសម្របសម្រួលការពារជាតិមួយចំនួនរបស់អង្គការណាតូ៕
