ពលរដ្ឋអាហ្វហ្គានីស្ថានជាប់ខ្លួននៅប៉ាគីស្ថាន ខណៈរង់ចាំការតាំងលំនៅថ្មីនៅសហរដ្ឋអាមេរិក និយាយថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្អាកការដាក់ពាក្យសុំអន្តោប្រវេសន៍ បានបំផ្លាញក្តីសង្ឃឹមរបស់ពួកគេ ក្នុងការផ្លាស់ទៅរស់នៅកន្លែងផ្សេង ហើយនិងធ្វើឲ្យពួកគេងាយរងគ្រោះដោយសារលទ្ធភាពនៃការនិរទេសទ្រង់ទ្រាយធំរបស់ទីក្រុង Islamabad ។
គោលនយោបាយដែលបានប្រកាសដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trumpនៅដើមសប្តាហ៍នេះ នឹងផ្អាកដំណើរការផ្តល់ទិដ្ឋាការមកពីប្រទេសចំនួន ១៩ ដែលស្ថិតក្រោមបំរាមធ្វើដំណើរដោយផ្នែក រួមទាំងអាហ្វហ្គានីស្ថាន និងសូម៉ាលី ។
សម្រាប់ពលរដ្ឋរាប់ពាន់នាក់ ដែលបានចេកចេញពីអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់រឹបអូសអំណាចកាលពីឆ្នាំ ២០២១ គោលនយោបាយនេះ បានបញ្ចប់ការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំរបស់ពួកគេ ។
លោក Ihsan Ullah Ahmadzai គឺជាអ្នកសារព័ត៌មានអាហ្វហ្គានីស្ថាន និងជាសកម្មជនសិទ្ធិមនុស្សរស់នៅក្នុងប្រទេសប៉ាគីស្ថាន និយាយថា វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ វាគឹជាស្ថានភាពឈឺចាប់មួយ អ្វីដែលពួកយើងធ្លាប់មានសង្ឃឹម វាប្រឆាំងនឹងបំណងប្រាថ្នារបស់ពួកយើង ។
លោកថា ការផ្អាកនេះ នឹងផ្តល់ភ្លើងខៀវដល់អាជ្ញាធរប៉ាគីស្ថាន ក្នុងការនិរទេសពលរដ្ឋអាហ្វហ្គានីស្ថាន ។
ប៉ាគីស្ថាន បានបញ្ជាឲ្យជនបរទេសគ្មានឯកសារចាកចេញពីប្រទេសរបស់ពួកគេ បើពុំដូច្នោះទេនឹងប្រឈមការបណ្តេញចេញ គឺជាការបញ្ជាមួយដាក់សម្ពាធកាន់តែខ្លាំងលើជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលយល់ឃើញថា ដំណើរការអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក គឺជាផ្លូវដែលអាចទុកចិត្តតែមួយគត់របស់ពួកគេទៅកាន់ទីកន្លែងសុវត្ថិភាព ៕

