នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន (Building Cambodia’s Inclusive Digital Society)” ដែលជាព្រឹត្តិការណ៍អមក្នុង វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) អង្គការ Open Development Cambodia (ODC) និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយផ្តោតជាពិសេសសម្រាប់កំណើន និងស្ថិរភាពរបស់ប្រទេសយើងរួមមានដូចជា៖ សុវត្ថិភាពអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) -ការតភ្ជាប់អ៊ីនធឺណិតជាសកល និងប្រកបដោយអត្ថន័យ -ការពង្រឹងសមត្ថភាពយុវជនសម្រាប់អនាគតឌីជីថល។

បន្ទាប់ពីពិធីបើកវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជាឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មឌីជីថល រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន STMicroelectronics។
