ប្រជាជននៅក្នុងស្រុក Aceh Tamiang របស់ប្រទេសឥណ្ឌូនេស៊ី បានងាកទៅរកការចូលលួចនៅហាងទំនិញនិងផ្សារទំនើប ខណៈជំនួយមានការយឺតយ៉ាវក្នុងការទៅដល់តំបន់នោះ រយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីទឹកជំនន់ និងបំណាក់ដីដ៏មហន្តរាយបានវាយលុកឆ្លងកាត់សហគមន៍ជាច្រើន។ នគរបាលបានបិទខ្ទប់អាជីវកម្មដែលត្រូវបានចូលួចកាលពីថ្ងៃសុក្រ ទី៥ ខែធ្នូ ខណៈអ្នកស្រុកបានតម្រង់ជួរសម្រាប់ការផ្គត់ផ្គង់បន្ទាន់ដែលចែកចាយពីរថយន្តដឹកជំនួយ។
លោក Agus Suhaimi Azhar អាយុ៤៣ឆ្នាំ បាននិយាយពេលឈរនៅជិតផ្លូវដែលគ្របដណ្តប់ដោយដីល្បប់ថា «យើងបានរស់រានដោយសារតែការចូលលួចទំនិញ»។ អ្នកស្រុកម្នាក់ទៀត លោក Aidil Fitrah អាយុ២៨ឆ្នាំ បាននិយាយថា ភាពវឹកវរបានផ្ទុះឡើងនៅថ្ងៃដំបូងបន្ទាប់ពីគ្រោះមហន្តរាយ។ លោកបាននិយាយថា «ការចូលួចកំពុងកើតឡើង ជំនួយមកដល់យឺតពេក។ នៅថ្ងៃទីប្រាំពីរ និងទីប្រាំបី ជំនួយបានចាប់ផ្តើមទៅដល់ ព្រោះដំណើរការចូលពីខេត្តផ្សេងៗទៀតមានការលំបាកខ្លាំង»។
ចំនួនអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ីដោយសារព្យុះស៊ីក្លូន ទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីជាបន្តបន្ទាប់កាលពីសប្តាហ៍មុន បានកើនឡើងដល់ ៨៦៧ នាក់គិតត្រឹមរសៀលថ្ងៃសុក្រ ដោយ៥២១នាក់ត្រូវបានចុះបញ្ជីថាបាត់ខ្លួន នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។ ប្រព័ន្ធព្យុះនេះ ក៏បានបណ្តាលមនុស្សប្រហែល ២០០ នាក់ស្លាប់ នៅភាគខាងត្បូងប្រទេសថៃ និងម៉ាឡេស៊ី ផងដែរ។

