បុគ្គលិកយោធា និងយុទ្ធោបករណ៍របស់សហរដ្ឋអាមេរិក បានទៅដល់ឆ្នេរសមុទ្រកោះព័រតូរីកូ កាលពីថ្ងៃសុក្រ ទី៥ ខែធ្នូ ជាផ្នែកមួយនៃប្រតិបត្តិការដែលកំពុងដំណើរការនៅតំបន់សមុទ្រការ៉ាអ៊ីប ដោយកងទ័ពបានប្រើប្រាស់នាវាចូលចតដើម្បីទម្លាក់យានយន្ត និងសម្ភារៈផ្គត់ផ្គង់ទៅកាន់ឆ្នេរ El Faro ក្នុងទីក្រុង Arroyo ភាគខាងត្បូង។
ប្រតិបត្តិការ បានចាប់ផ្តើមនៅពេលព្រឹកព្រលឹម ខណៈសមាជិកយោធាបានទៅដល់ពីកំពង់ផែដឹកជញ្ជូនលើគោកនិងក្នុងទឹក San Antonio ដែលជាកម្មសិទ្ធិរបស់កងម៉ារីនអាមេរិក។ នាវានេះ គឺជាផ្នែកមួយនៃក្រុមដែលបានឈរជើងនៅក្នុងតំបន់មួយនេះរយៈពេលជាច្រើនសប្តាហ៍មកហើយ។
វីដេអូ បានបង្ហាញពីនាវាចូលចតរបស់កងទ័ពជើងទឹកកំពុងខិតជិតឆ្នេរ មុនពេលយានធ្វើប្រតិបតិត្តិការទាំងលើគោកនិងក្នុងទឹក រថយន្តHumvees និងយុទ្ធោបករណ៍ធុនធ្ងន់បើកឡើងលើវាលខ្សាច់។
ទាហានត្រូវបានគេឃើញកំពុងទម្លាក់សម្ភារៈ រៀបចំសម្ភារៈផ្គត់ផ្គង់ និងធ្វើដំណើរតាមបណ្តោយឆ្នេរសមុទ្រ។
ការចូលចតនេះបានកើតឡើង ខណៈសហរដ្ឋអាមេរិកបន្តរក្សាវត្តមានយោធាកម្រិតខ្ពស់នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប បន្ទាប់ពីការដាក់ពង្រាយយន្តហោះ នាវាចម្បាំង និងបុគ្គលិកបន្ថែមទៅកាន់កោះនេះ។

