ក្រុមអ្នកចរចាមកពីអាមេរិក និងអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេមានកិច្ចពិភាក្សាប្រកបដោយការស្ថាបនាស្ដីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន ប៉ុន្តែផ្លូវឆ្ពោះទៅកាន់សន្តិភាពអាស្រ័យលើរុស្ស៊ី។
បេសកជនអាមេរិកលោក Steve Witkoff និងកូនប្រសារលោក Donald Trump គឺលោក Jared Kushner បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមមួយជាមួយក្រុមអ្នកចរចាអ៊ុយក្រែនថា វឌ្ឍនភាពពិតប្រាកដឆ្ពោះទៅកិច្ចព្រមព្រៀងណាមួយអាស្រ័យលើការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការបង្ហាញការតាំងចិត្តម៉ឺងម៉ាត់ ចំពោះសន្តិភាពរយៈពេលវែង រួមទាំងជំហានឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និង បញ្ឈប់ការកាប់សម្លាប់មនុស្ស។
អំឡុងជំនួបនោះ ភាគីទាំងពីបានយល់ព្រមលើក្របខ័ណ្ឌនៃការរៀបចំសន្តិសុខ និងការការពារដែលបានពិភាក្សានាពេលកន្លងមក។
កិច្ចពិភាក្សាក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ពុំបានឈានដល់ការសម្របសម្រួលលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានក្នុងសង្គ្រាមជិត៤ឆ្នាំមកនេះនោះទេ ។
ជំនួបរយៈពេល២ថ្ងៃ រវាងលោក Witkoff និងលោក Kushner និងរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ុយក្រែន លោក Rustem Umerov និងលោក Andriy Hnatov គឺជាជុំទី៦ នៃកិច្ចពិភាក្សា ក្នុងរយៈពេល២សប្ដាហ៍ ។ ពួកគេនឹងជួបគ្នាជាថ្មីទៀត នៅក្នុងរដ្ឋ Florida នៅថ្ងៃសៅរ៍នេះ ពេលវេលានៅសហរដ្ឋអាមេរិក៕


