ព្យុះត្រូពិក និងភ្លៀងមូសុងជាបន្តបន្ទាប់បានវាយប្រហារតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ដោយបង្កឱ្យមានបំណាក់ដី និងទឹកជំនន់ដ៏គំហុកចាប់ពីព្រៃទឹកភ្លៀងស៊ូម៉ាត្រា រហូតដល់ចម្ការដំណាំខ្ពង់រាបនៃប្រទេសស្រីលង្កា។
មនុស្សប្រហែល ១.៧៧០នាក់ បានស្លាប់នៅក្នុងគ្រោះមហន្តរាយធម្មជាតិដែលកំពុងកើតឡើងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា ម៉ាឡេស៊ី ថៃ និងវៀតណាមចាប់តាំងពីសប្តាហ៍មុន។
ទីភ្នាក់ងារអាកាសធាតុជាតិរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ភ្លៀងអាចនឹងធ្លាក់ម្តងទៀតនៅថ្ងៃសៅរ៍នេះ ទៅលើខេត្ត អាឆេ(Aceh) និងស៊ូម៉ាត្រាខាងជើង ជាទីដែលទឹកជំនន់បានជន់លិចហូរកួចផ្ដាច់ផ្លូវថ្នល់ គ្របដណ្ដប់លំនៅឋានដោយដីល្បាប់ និងកាត់ផ្តាច់ការផ្គត់ផ្គង់។
អភិបាលខេត្ត អាឆេ លោក Muzakir Manaf បាននិយាយថា ក្រុមឆ្លើយតបនៅតែកំពុងស្វែងរកសាកសពនៅក្នុងល្បាប់ជម្រៅត្រឹមចង្កេះ។
ទោះជាយ៉ាងណាក៏ដោយ ការអត់ឃ្លានគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយដែលឥឡូវនេះកំពុងគ្របដណ្ដប់លើភូមិដាច់ស្រយាលនានា និងមិនអាចចូលទៅដល់បាន។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា មនុស្សជាច្រើនត្រូវការតម្រូវការចាំបាច់ជាមូលដ្ឋាន។ តំបន់ជាច្រើននៅតែមិនទាន់អាចចូលទៅដល់ក្នុងតំបន់ដាច់ស្រយាលនានានៃខេត្ត អាឆេ៕


