
ភ្នំពេញ៖ ហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្សព្វផ្សាយឱ្យដឹងថា ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍មកអង្គភាពស៊ីម៉ាក់(CMAC)នៅពេលប្រទះឃើញគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ អង្គភាព CMAC បានបង្កើតប្រព័ន្ធរាយការណ៍ឌីជីថល ដោយ Application មានឈ្មោះថា« CMAC Helps ! »។
ប្រភពដដែលឱ្យដឹងទៀតថា ប្រព័ន្ធនេះនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ តាមរយៈប្រព័ន្ធ App « CMAC Helps ! »នេះ បងប្អូនគ្រាន់តែថតរូបយុទ្ធភណ្ឌមិនទាន់ ផ្ទុះ ឬ ផ្តល់ទីតាំងដែលប្រទះឃើញ រួចផ្ញើមកអង្គភាព CMAC នោះក្រុមការងារអាចឆ្លើយតបបន្ទាន់ ឬទំនាក់ទំនងទៅបងប្អូនភ្លាម។ បងប្អូនគ្រាន់តែ Download Application ដែលមានស្លាកសញ្ញា logo CMAC ដែលមានឈ្មោះថា« CMAC Helps ! » ទៅក្នុងទូរសព្ទ Smart Phone ទាំងប្រភេទ Andriod និង iOS ជាកាស្រេច។ ក្រុមអ្នកបច្ចេកទេសនឹងផ្តល់ការពន្យល់លម្អិតនៅពេលឆាប់ៗនេះ៕ ដោយ៖ គង់ ឌិន


