ប្រមុខហាម៉ាសនៅតំបន់ហ្កាហ្សា លោក Khalil al-Hayya បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមនេះ នឹងបោះបង់ចោលអាវុធរបស់ខ្លួន «ប្រសិនបើការកាន់កាប់របស់អ៊ីស្រាអែល ត្រូវបានបញ្ចប់»។
លោកបាននិយាយក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍Al Jazeera ថា៖«អាវុធរបស់យើង ត្រូវបានផ្សារភ្ជាប់ទៅនឹងវត្តមាននៃការកាន់កាប់ និងការឈ្លានពាន ហើយប្រសិនបើការកាន់កាប់នេះ ត្រូវបញ្ចប់ អាវុធនេះ នឹងត្រូវប្រគល់ទៅឲ្យរដ្ឋ»។
លោកបានបន្ថែមថា៖«អាវុធនៅតែត្រូវបានពិភាក្សាជាមួយក្រុមនេះ និងអ្នកសម្របសម្រួល ហើយកិច្ចព្រមព្រៀងនៅតែស្ថិតក្នុងដំណាក់កាលដំបូង»។
ក្នុងអំឡុងពេលសម្ភាសន៍នោះ លោក al-Hayya ក៏បានលើកឡើងផងដែរថា៖«តំបន់ថ្មី នឹងត្រូវចូល នៅថ្ងៃអាទិត្យ ដើម្បីស្វែងរកសាកសពមួយចំនួនរបស់អ្នកទោសដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល»។
ទាក់ទងនឹងស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលបទឈប់បាញ់ ដែលបានចូលជាធរមាន នៅថ្ងៃទី១០ ខែតុលា លោក al-Hayya បាននិយាយថា អ៊ីស្រាអែល «បានរារាំងមិនឲ្យសម្ភារៈមួយចំនួនចូលទៅក្នុងតំបន់ហ្កាហ្សា ដូចជាយើងនៅតែស្ថិតក្នុងសង្គ្រាមដែរ»៕

