បាល់ទះ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានទទួលស្គាល់តថា ការប្រកួតបាល់ទះក្រៅប្រព័ន្ធបច្ចុប្បន្នពិតជាមានភាពផុសផុលខ្លាំង តែយ៉ាងណាក្ដីការប្រកួតទាំងនោះមិនអាចចាត់ទុកថា វិស័យកីឡាបាល់ទះកម្ពុជារីកចម្រើននោះទេ ព្រោះការលេងមិនត្រូវតាមស្ដង់ដារ។

ការអះអាងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ Ganzberg Special Volleyball League 2022 ដែលជាការប្រកួតលក្ខណៈ ៤នាក់ទល់នឹង ៤នាក់នៅកីឡដ្ឋានព្រីនស៍កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។ អគ្គលេខាធិការសហព័ន្ធដដែលបានសម្ដែងការគាំទ្រពេញទំហឹង ចំពោះព្រឹត្តិការណ៍លីគបាល់ទះលើកដំបូងនេះ ដោយលោករំពឹងថា ការប្រកួតនេះ នឹងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឲ្យរីកចម្រើន ពិសេសកែតម្រូវកីឡាករទាំងអស់ឲ្យគោលបទបញ្ជាការប្រកួត និងស្ដង់ដារបាល់ទះអន្ដរជាតិ មិនដូចការលេងក្រៅប្រព័ន្ធតាមមូលដ្ឋាននោះទេ។ លោកសង្កត់ធ្ងន់ថា មួយរយៈចុងក្រោយនេះ ការលេងបាល់ទះក្រៅប្រព័ន្ធកំពុងផុសផុលខ្លាំង អ្វីដែលជាកង្វល់របស់សហព័ន្ធគឺរបៀបរបបនៃការលេងរបស់ពួកគេ ប្រាចាកពីស្ដង់ដារដូចជាការចាប់បាល់ពីកន្លែងមួយទៅកន្លែងមួយ ហេតុនេះមិនអាចចាត់ទុកថា វិស័យបាល់ទះកម្ពុជារីកចម្រើននោះទេ ព្រោះការលេងទាំងនោះមិនត្រូវតាមស្ដង់ដារ ដែលអាចទាញផលចំណេញសម្រាប់ជាតិ ហើយអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិថែមទៀត។
ដូច្នេះទស្សនៈរបស់សហព័ន្ធគឺគាំទ្រការរៀបចំការប្រកួតបែបស្ដង់ដារ ហើយសហព័ន្ធរីករាយជួយគាំទ្រផ្នែកបច្ចេកទេសថែមទៀត ទោះបីការប្រកួតលក្ខណៈ ៤ស្មើក៏ដោយ ព្រោះវាជាចំណុចវិជ្ជមានមួយ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករគ្រប់មជ្ឈដ្ឋានបានចូលរួមប្រកួត និងបង្ហាញសមត្ថភាព ហើយឈានទៅចូលរួមការប្រកួតថ្នាក់ជាតិ ក៏ដូចជាអាចប្រកួតតំណាងជាតិថែមទៀតផង បន្ទាប់ពីឆ្លងកាត់ការប្រកួតត្រឹមត្រូវ ក្រោមការសង្កេតរបស់មន្ដ្រីជំនាញសហព័ន្ធ។ សម្រាប់ការប្រកួតលក្ខណៈលីគ ៤នាក់ទល់ ៤នាក់នេះដែរ លោក ប៉េង សុវណ្ណណូ ប្រធានប្រតិបត្តិរៀបចំការប្រកួតបានឲ្យដឹងថា ចាប់ផ្ដើមទទួលពាក្យក្រុមចូលរួមពីថ្ងៃទី២៣ ខែកុម្ភៈដល់ថ្ងៃទី១៦ ខែមីនាខាងមុខដោយកំណត់ក្រុមចូលរួមត្រឹម ១២ក្រុមប៉ុណ្ណោះដើម្បីរៀបចំការប្រកួតវិលជុំសន្សំពិន្ទុ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុមចុងក្រោយនឹងត្រូវឡើងប្រកួតវគ្គខ្វែង និងវគ្គផ្ដាច់ព្រ័ត្រ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែមីនារហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា