រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles នៅថ្ងៃអាទិត្យ (ទី ០៧ ខែធ្នូ)នេះ បានសម្តែងការព្រួយបារម្ភ ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីសមភាគីជប៉ុនរបស់លោក បាននិយាយថា យន្តហោះចម្បាំងចិនត្រូវបានគេរាយការណ៍ថា បានតម្រង់រ៉ាដាកំណត់គោលដៅទៅកាន់យន្តហោះយោធាជប៉ុន នៅជិតកោះអូគីណាវ៉ារបស់ជប៉ុន ក្នុងឧប្បត្តិហេតុពីរថ្មីៗនេះ។
ក្នុងជំនួបជាមួយលោក Marles នៅទីក្រុងតូក្យូ លោក Shinjiro Koizumi បាននិយាយថា ប្រទេសជប៉ុននឹងឆ្លើយតប «យ៉ាងម៉ឺងម៉ាត់ និងស្ងប់ស្ងាត់» ចំពោះឥរិយាបថរបស់ប្រទេសចិន ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ការប្រើរ៉ាដាកំណត់គោលដៅ គឺជាសកម្មភាពគំរាមកំហែងបំផុតមួយ ដែលយន្តហោះយោធាអាចធ្វើបាន ពីព្រោះវាផ្តល់សញ្ញាអំពីការវាយប្រហារដែលអាចកើតមាន ដែលបង្ខំឲ្យយន្តហោះដែលត្រូវបានកំណត់គោលដៅ ចាត់វិធានការគេចចេញជាបន្ទាន់។
ការប្រឈមមុខដាក់គ្នានៅជិតកោះនានា ដែលនៅជិតទឹកដីដែលទាមទារដោយជប៉ុន និងចិន គឺជាជម្លោះ ដ៏ធ្ងន់ធ្ងរបំផុតរវាងយោធាទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយទំនងជានឹងធ្វើឲ្យភាពតានតឹងរវាងប្រទេសជិតខាងកាន់តែកើនឡើង៕