អ្នកនាំពាក្យកងទ័ពជើងទឹកលោក Wang Xuemeng បាននិយាយថា ប្រទេសចិនទាមទារឲ្យជប៉ុនបញ្ឈប់យុទ្ធនាការបង្កាច់បង្ខូចរបស់ខ្លួនប្រឆាំងនឹងសកម្មភាពរបស់កងទ័ពរំដោះប្រជាជនចិន (PLA)។
ដោយធ្វើអត្ថាធិប្បាយលើការអះអាងរបស់ទីក្រុងតូក្យូថា កងកម្លាំងចិន បានកំណត់គោលដៅយន្តហោះចម្បាំងជប៉ុនដោយប្រើរ៉ាដា អ្នកនាំពាក្យរូបនេះបាននិយាយថា៖«ក្រុមនាវាផ្ទុកយន្តហោះ Liaoning របស់កងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន (PLA) នាពេលកន្លងទៅ បានធ្វើសមយុទ្ធដែលបានកំណត់ពេលនៅខាងកើតច្រកសមុទ្រ Miyako ដោយប្រើយន្តហោះចម្បាំងដែលមានមូលដ្ឋានលើនាវា ហើយតំបន់នៃសមយុទ្ធ ត្រូវបានប្រកាសជាមុន។ ក្នុងអំឡុងពេលសមយុទ្ធនោះ យន្តហោះចម្បាំងរបស់កងកម្លាំងការពារខ្លួនជប៉ុន បានចូលទៅជិតដែនអាកាសនៃតំបន់ដែលបានបញ្ជាក់ម្តងហើយម្តងទៀត ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការសមយុទ្ធធម្មតារបស់ភាគីចិន និងបង្កការគំរាមកំហែងដល់សុវត្ថិភាពហោះហើរ»។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានដកស្រង់សម្តីរបស់លោក Wang Xuemeng ដែលបាននិយាយថា៖ «ប្រទេសចិនជំរុញឲ្យជប៉ុនបញ្ឈប់យុទ្ធនាការបង្កាច់បង្ខូចរបស់ខ្លួនជាបន្ទាន់»៕
នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បាននិយាយថា យន្តហោះចម្បាំង J-15 របស់ចិន ដែលបានហោះចេញពីនាវាផ្ទុកយន្តហោះ Liaoning បានតម្រង់រ៉ាដាកំណត់គោលដៅរបស់ពួកគេពីរដង ទៅលើយន្តហោះចម្បាំង F-15 របស់ជប៉ុននៅភាគអាគ្នេយ៍នៃកោះអូគីណាវ៉ា៕

