កាសែត Bloomberg បានរាយការណ៍ថា ជម្លោះនៅអ៊ុយក្រែនកំពុងចូលដល់ដំណាក់កាលសម្រេចចិត្តដ៏មានសក្តានុពលមួយ ខណៈដែលអឺរ៉ុបកំពុងមានជម្លោះក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាននេះ បានសរសេរថា យុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិកដែលបានធ្វើបច្ចុប្បន្នភាព ដែលនិយាយថា អឺរ៉ុបប្រឈមនឹងការបំផ្លាញ ប្រសិនបើមិនផ្លាស់ប្តូរវប្បធម៌ និងគោលនយោបាយរបស់ខ្លួន បានកើតឡើង នៅពេលដែលជម្លោះនៅអ៊ុយក្រែនចូលដល់ដំណាក់កាលសម្រេចចិត្តដ៏មានសក្តានុពល នេះ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រុមមេដឹកនាំអឺរ៉ុបមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងមួយ ដែលពួកគេមើលឃើញថា ជាការចុះចាញ់របស់លោកខាងលិច។ កិច្ចខិតខំប្រឹងប្រែងនេះ បានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ពួកគេលើរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ឥឡូវនេះ អ្នកការទូតអឺរ៉ុបកំពុងឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃទំនាក់ទំនងជាមួយសេតវិមាន។
កាសែត Bloomberg បានបញ្ជាក់ថា នៅតែពុំទាន់ច្បាស់ថាតើអឺរ៉ុបនឹងអាចបង្កើតផែនការដែលអាច អនុវត្តបានដើម្បីបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន ដោយគ្មានការចូលរួមពីសហរដ្ឋអាមេរិកឬអត់នោះ៕

