បាល់ទាត់៖ ដូចការរំពឹងទុករបស់អ្នកចាត់ការ Manchester United លោក Ralf Rangnick ដែលបានដាស់តឿនកូនក្រុមពីបរិយាកាសលំបាកនៅពេលទៅទឹកដី Atletico Madrid នោះ ជាក់ស្តែងការប្រកួតបានបញ្ចប់ដោយលទ្ធផល ១-១។ ក្រុមម្ចាស់ផ្ទះ Atletico Madrid មានស្ថិតិគ្រប់គ្រងបាល់តិចជាងជារួមតែឱកាសស៊ុតមានដល់ទៅ ១៣លើកតែចំគោលដៅតែ ១លើក ខណៈ Manchester United មាន ៧លើកចំគោលដៅ ២លើក។

ខ្សែប្រយុទ្ធព័រទុយហ្កាល់ Joao Felix ជាអ្នកតែតបញ្ចូលទីនាំមុខមុនឱ្យ Atletico Madrid នៅនាទីទី៧។ ក្រុមរបស់លោក Diego Simeone ដែលគេស្គាល់ថា ពូកែលេងទប់នោះបានរក្សាលទ្ធផលនេះស្ទើរតែដល់ទីបញ្ចប់ទៅហើយតែខ្វះ ១០នាទីទៀតចប់កីឡាករវ័យ ១៩ឆ្នាំ Anthony Elanga ដែលជាកីឡាករបម្រុងផ្លាស់ប្តូរចូលជំនួស Marcus Rashford នោះគឺជាអ្នកស៊ុតតាមស្មើវិញនៅនាទីទី៨០។ ក្រោយចប់ការប្រកួតលោក Ralf Rangnick បាននិយាយថា លទ្ធផលស្មើគ្នា ១-១ នេះគឺអាចអាចទទួលយកបានសំរាប់ក្រុមរបស់លោក ហើយពេញចិត្តចំពោះទំនុកចិត្តរបស់លោកទៅលើ Anthony Elanga ដែលបានផ្លាស់ប្តូរលទ្ធផល ដែលលោកគិតថានឹងបញ្ចប់ដោយចាញ់ ១-០។
ចំណែកអ្នកចាត់ការ Atletico Madrid លោក Diego Simeone បានប្រមានថា Manchester United មួយគ្រាប់តាមស្មើនេះមិនដូចមុនទេ គឺមិនមានគ្រាប់បាល់ចំណេញក្រៅដីដូចមុនទេ ហើយលោកក៏ពេញចិត្តនឹងលទ្ធផលនេះដែររង់ចាំទៅជើងទី២ អ្វីៗនៅ ៥០/៥០។ ក្រុមទាំងពីរនឹងជួបគ្នាជើងទី២ លើទឹកដី Old Trafford ក្នុងរយៈពេល ៣សប្តាហ៍បន្ទាប់៕
អត្ថបទ៖នាង សុភាវុធ