សមាជិកសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (៧ ធ្នូ) បានបើកបង្ហាញសំណើច្បាប់មួយស្តីពីគោលនយោបាយការពារជាតិប្រចាំឆ្នាំ ដែលអនុញ្ញាតឱ្យមានការចំណាយផ្នែកសន្តិសុខជាតិនៅកម្រិតដ៏លើសលប់ក្នុងកំណត់ត្រា នៃថវិកាចំនួន ៩០១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ ពោលគឺមានចំនួនរាប់ពាន់លានលើសពីសំណើដំបូងរបស់លោកប្រធានាធិបតី Donald Trump ហើយនិងការផ្តល់ជំនួយយោធាចំនួន ៤០០លានដុល្លារ ដល់អ៊ុយក្រែន។

សំណើច្បាប់ដែលមានកម្រាស់ ៣.០០០ទំព័រនេះ រួមបញ្ចូលទាំងការបង្កើនបៀវត្សរ៍ ៤% សម្រាប់ទាហានដែលបានចុះឈ្មោះ ប៉ុន្តែមិនរាប់បញ្ចូលកិច្ចខិតខំប្រឹងប្រែងទ្វេបក្សដើម្បីជំរុញការសាងសង់អគារស្នាក់នោះទេ ដែលសមាជិកសភាមួយចំនួនបានសង្ឃឹមថា នឹងរួមបញ្ចូលនៅក្នុងសំណើច្បាប់ចុងក្រោយមួយ។
ប្រធានសភា លោក Mike Johnson បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់នេះនឹងជំរុញរបៀបវារៈរបស់លោក Trump ដោយ "ការបញ្ចប់មនោគមវិជ្ជាជ្រុលនិយមនៅមន្ទីរបញ្ចកោណ ការធានាសន្តិសុខព្រំដែន ការធ្វើឱ្យមូលដ្ឋានឧស្សាហកម្មការពារជាតិរស់ឡើងវិញ និងការស្ដារឡើងវិញនូវក្រមប្រតិបត្តិរបស់អ្នកចម្បាំង"។
គួរឱ្យដឹងថា កាលពីខែឧសភា លោក Trump បានស្នើទៅសភាសម្រាប់ថវិកាការពារជាតិចំនួន ៨៩២,៦ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ដែលស្រដៀងគ្នាបើប្រៀបធៀបទៅនឹងការចំណាយឆ្នាំ២០២៥។ សេចក្តីព្រាងច្បាប់របស់សភាបានកំណត់ការចំណាយក្នុងកម្រិតនោះ ប៉ុន្តែព្រឹទ្ធសភាបានអនុញ្ញាតថវិកាចំនួន ៩២៥ពាន់លានដុល្លារ។
ដោយចាត់ទុកថាជាច្បាប់ "ដែលត្រូវតែអនុម័ត" សំណើអនុញ្ញាតការពារជាតិ ឬហៅថាច្បាប់ NDAA ដ៏ធំថ្មីនេះ គឺជាផ្នែកមួយនៃច្បាប់សំខាន់ៗមួយចំនួន ដែលសភាអាមេរិក ត្រូវអនុម័តជារៀងរាល់ឆ្នាំ៕

