ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu បានបញ្ជាក់ពីការដាក់ពង្រាយយន្តហោះចម្បាំង និងកងទ័ពជើងគោកទៅកាន់ប្រទេសបេណាំដែលនៅជិតខាង ដើម្បីជួយទប់ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយក្រុមទាហានបេណាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ការិយាល័យរបស់លោក Tinubu បាននិយាយថា យោធានីហ្សេរីយ៉ា បានធ្វើអន្តរាគមន៍នៅក្នុងប្រទេសបេណាំ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Patrice Talon បានចេញសំណើសុំជំនួយចំនួនពីរ រួមមាន «ការគាំទ្រដែនអាកាសពីប្រទេសនីហ្សេរីយ៉ាជាបន្ទាន់»។

សេចក្តីថ្លែងការណ៍បាននិយាយថា លោក Tinubu បានបញ្ជាឱ្យយន្តហោះចម្បាំងនីហ្សេរីយ៉ាចូលទៅក្នុងប្រទេសបេណាំង និង «ដណ្តើមយកដែនអាកាសដើម្បីជួយបណ្តេញអ្នករៀបចំផែនការធ្វើរដ្ឋប្រហារចេញពីស្ថានីយ៍ទូរទស្សន៍ជាតិ និងជំរំយោធាដែលពួកគេបានប្រមូលផ្តុំគ្នាឡើងវិញ»។
យោធាប្រទេសនីហ្សេរីយ៉ា បានបញ្ជូនកងទ័ពជើងគោកនៅពេលក្រោយមក បន្ទាប់ពីរដ្ឋាភិបាលបេណាំងបានស្នើសុំការគាំទ្រពីពួកគេក្នុង «ការការពារស្ថាប័នរដ្ឋធម្មនុញ្ញ និងការទប់ស្កាត់ក្រុមប្រដាប់អាវុធ» នេះបើយោងតាមសេចក្តីថ្លែងការណ៍។ លោក Tinubu បានសរសើរកងទ័ពរបស់លោក និងបាននិយាយថាពួកគេបានជួយ «ធ្វើឱ្យប្រទេសជិតខាងមានស្ថិរភាព»។