អាជ្ញាធរឥណ្ឌា កាលពីថ្ងៃអាទិត្យ (៧ ធ្នូ) បានបញ្ជាឱ្យមានការស៊ើបអង្កេត និងផ្តល់សំណងដល់ជនរងគ្រោះ បន្ទាប់ពីហេតុការណ៍អគ្គិភ័យដ៏ធំបានឆាបឆេះក្លឹបរាត្រីមួយកន្លែង នៅភាគខាងលិចនៃរដ្ឋ Goa ដោយបានសម្លាប់មនុស្ស ២៥នាក់។

នាយករដ្ឋមន្រ្តីប្រចាំរដ្ឋ Goa លោក Pramod Sawant បានបង្ហោះលើបណ្ដាញសង្គម X ថា លោកបញ្ជាឱ្យចៅក្រមបើកការស៊ើបអង្កេតលើឧប្បត្តិហេតុទាំងមូល ដើម្បីកំណត់មូលហេតុ និងរកអ្នកទទួលខុសត្រូវ។ លោកបន្តថា អ្នករបួស ៦នាក់ ស្ថិតក្នុងស្ថានភាពនឹងនរ និងកំពុងទទួលបានការថែទាំសុខភាព។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា លោកបានជជែកជាមួយលោក Sawant និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព។ នៅលើបណ្ដាញសង្គម X លោក Modi បាននិយាយថា រូបលោកនឹងឱ្យសំណងរហូតដល់ ២សែនរូពី (ឬប្រមាណជា ២.២០០ដុល្លារ) ដល់ក្រុមគ្រួសារជនរងគ្រោះម្នាក់ៗ និងទឹកប្រាក់ ៥ម៉ឺនរូពី ដល់អ្នករបួស។
ទាក់ទងនឹងឧប្បត្តិហេតុនេះ ប្រមុខនគរបាលរដ្ឋ Goa បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា នគរបាលទទួលបានដំណឹងពីការឆាបឆេះនៅក្លឹបរាត្រីឈ្មោះ Birch នៅម៉ោងក្នុងស្រុក ១២:០៤នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ។ អាជ្ញាធរបានធ្វើការពេញមួយយប់ដើម្បីគ្រប់គ្រងអណ្ដាតភ្លើង ហើយសាកសពទាំងអស់ត្រូវបានរកឃើញ៕

