ក្រុមអ្នកតវ៉ាបានមកប្រមូលផ្តុំគ្នានៅខាងក្រៅសេតវិមាន ដើម្បីតវ៉ាប្រឆាំងការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកទៅលើទូកនៅជិតឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា និងការបង្កើនការវាយប្រហារលើដីគោកដែលអាចកើតមាន ជាអ្វីដែលប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

«ខ្ញុំគ្រាន់តែភ្ញាក់ផ្អើល ចំពោះអ្វីដែលរដ្ឋាភិបាលរបស់យើងកំពុងគំរាមកំហែងនៅអាមេរិកឡាទីន ជាអ្វីដែលខ្លួនកំពុងធ្វើរួចហើយទាក់ទងនឹងការបំផ្ទុះទូកទាំងនោះដោយគ្មានដំណើរការត្រឹមត្រូវណាមួយ ដែលនិយាយថាពួកគេជាអ្នករត់ពន្ធគ្រឿងញៀន»។
កងទ័ពសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារយ៉ាងហោចណាស់២១លើកទៅលើទូកដែលត្រូវបានចោទប្រកាន់ថាដឹកគ្រឿងញៀននៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប និងប៉ាស៊ីហ្វិក ចាប់តាំងពីដើមខែកញ្ញាមក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៨៣នាក់។
លោក Trump បានថ្លឹងថ្លែងជម្រើសនានា រួមទាំងការវាយប្រហារទៅលើទឹកដីប្រទេសវ៉េណេស៊ុយអេឡា សម្រាប់យុទ្ធនាការដែលរដ្ឋបាលរបស់លោកចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការផ្គត់ផ្គង់គ្រឿងញៀនខុសច្បាប់ដែលបានសម្លាប់ពលរដ្ឋអាមេរិក។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានបដិសេធថាពុំមានទំនាក់ទំនងជាមួយការជួញដូរគ្រឿងញៀនខុសច្បាប់ទេ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងស្វែងរកការផ្លាស់ប្តូររបបដោយសារតែបំណងប្រាថ្នាចង់គ្រប់គ្រងទុនបម្រុងប្រេងដ៏ច្រើនរបស់ប្រទេសវ៉េណេស៊ុយអេឡា។
