ក្រុមប្រយុទ្ធរបស់នាវាផ្ទុកយន្តហោះប្រទេសចិន បានបើកប្រតិបត្តិការសមយុទ្ធផ្លូវអាកាសយ៉ាងខ្លាំងក្លានៅជិតប្រទេសជប៉ុន កាលពីចុងសប្តាហ៍កន្លងទៅ ខណៈប្រទេសជិតខាងអាស៊ីបូព៌ាទាំងពីរប៉ះទង្គិចពាក្យសម្ដីគ្នាជាថ្មីម្ដងទៀត នៅក្នុងការបង្កើនជម្លោះការទូត និងធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងឡើង។

ការប្រមុខនៅក្នុងដែនទឹក ជិតប្រជុំកោះភាគនិរតីរបស់ជប៉ុន បានកើតឡើង បន្ទាប់ពីភាពតានតឹងជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅក្នុងសភាកាលពីខែមុនថា ទីក្រុងតូក្យូអាចឆ្លើយតបខាងយោធា ប្រសិនបើចិន វាយក្រសោបលើកោះតៃវ៉ាន់។

កងកម្លាំងស្វ័យការពាររបស់ជប៉ុន បាននិយាយនៅថ្ងៃចន្ទ (៨ ធ្នូ) នេះថា កាលចុងសប្តាហ៍កន្លងទៅ នាវាផ្ទុកយន្តហោះ Liaoning របស់ចិន បានធ្វើសមយុទ្ធហោះហើរ និងចុះចតរបស់យន្តហោះ ប្រហែល ១០០ដង ខណៈពេលបើកឆ្ពោះទៅភាគខាងកើត ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាត់តាមប្រជុំកោះអូគីណាវ៉ា។ ទីក្រុងតូក្យូនិយាយទៀតថា កាលពីមួយថ្ងៃមុននោះ យន្តហោះចម្បាំងនៅក្នុងនាវាចិន ក៏បានតម្រង់កាំរស្មីរ៉ាដាដាក់យន្តហោះជប៉ុន ដែលកំពុងតាមដាននាវានោះផងដែរ។
ស្ថានទូតចិន បានច្រានចោលការអះអាងរបស់ទីក្រុងតូក្យូ ដោយនិយាយថា យន្តហោះជប៉ុន បានបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពហោះហើរ ដោយការចូលទៅជិតនាវាផ្ទុកយន្តហោះ Liaoning ក្នុងអំឡុងពេលហ្វឹកហ្វឺនជាមួយនឹងនាវាពិឃាតមីស៊ីលអមដំណើរចំនួន ៣គ្រឿង៕