ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ៧ ធ្នូ បាននិយាយថា លោកមានអារម្មណ៍ ខកចិត្តបន្តិច ជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលមិនបានចូលរួមជាមួយផែនការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។

លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលសួរនៅលើកំរាលព្រំក្រហមសម្រាប់ពិធីប្រគល់រង្វាន់នៅ Kennedy Center Honors ថា ពួកលោកបាននិយាយជាមួយប្រធានាធិបតី Putin ហើយពួកលោកបាននិយាយជាមួយក្រុមមេដឹកនាំអ៊ុយក្រែន រួមទាំងលោក Zelenskyy ហើយរូបលោកត្រូវតែនិយាយថា លោកខកចិត្តបន្តិចដែលប្រធានាធិបតី Zelenskyy មិនទាន់បានអានសំណើនោះទេ នោះគឺកាលពីប៉ុន្មានម៉ោងមុន។
ការចរចាជាច្រើនថ្ងៃរវាងមន្ត្រីអាមេរិក និងអ៊ុយក្រែន រួមទាំងលោក Zelenskyy បានបញ្ចប់នៅថ្ងៃទី ៦ ខែធ្នូ ដោយគ្មានការទម្លាយភាពទាល់ច្រកនោះទេ ទោះបីជាលោក Zelenskyy បានប្តេជ្ញាធ្វើការលើការចរចាបន្ថែមទៀតឆ្ពោះទៅរកសន្តិភាពពិតប្រាកដក៏ដោយ។

ការចរចានេះបានកើតឡើងបន្ទាប់ពីបេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំង ដោយទីក្រុងមូស្គូបានបដិសេធផ្នែកខ្លះនៃសំណើរបស់សហរដ្ឋអាមេរិក។
ផែនការរបស់សហរដ្ឋអាមេរិកបានឆ្លងកាត់សេចក្តីព្រាងជាច្រើនចាប់តាំងពីបានលេចចេញជាលើកដំបូងនៅក្នុងខែវិច្ឆិកា ស្របពេលមានការរិះគន់ថាទន់ភ្លន់ពេកលើប្រទេសរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែនតាំងពីខែកុម្ភៈឆ្នាំ២០២០មក៕
