សារព័ត៌មានAFP បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពអាកាសនីហ្សេរីយ៉ាថា កងទ័ពអាកាសរបស់ប្រទេសនេះ បានវាយប្រហារគោលដៅធ្វើរដ្ឋប្រហារ នៅក្នុងរដ្ឋធានីនៃប្រទេសបេណាំង ដែលនៅជិតខាង។

សារព័ត៌មាននេះ បានដកស្រង់សម្តីលោក Ehimen Ejodamen ថា៖«កងទ័ពអាកាសនីហ្សេរីយ៉ា បានធ្វើប្រតិបត្តិការនៅប្រទេសបេណាំង ស្របតាមកិច្ចព្រមព្រៀងរបស់សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) និងកងកម្លាំងត្រៀមបម្រុងក្នុងតំបន់»។ លោកមិនបានបញ្ជាក់ថា គោលដៅណាដែលត្រូវបានវាយប្រហារនោះទេ។

យោងតាមគេហទំព័រព័ត៌មាន Makama របស់ប្រទេសនីហ្សេរីយ៉ាបានឲ្យដឹងថា ការវាយប្រហារនោះ ត្រូវបានធ្វើឡើងលើក្រុមអ្នកធ្វើរដ្ឋប្រហារ នៅពេលដែលពួកគេកំពុងព្យាយាមរត់គេចខ្លួនចេញពីរដ្ឋធានី Cotonou ដោយជិះរថពាសដែក។ ការវាយប្រហារនេះ ត្រូវបានផ្តល់ភ្លើងខៀវ ដោយរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសបេណាំង។ សាក្សីបានរាយការណ៍ពីការផ្ទុះជាច្រើននៅក្នុងតំបន់ផ្សេងៗនៃទីក្រុងនេះ។
រដ្ឋាភិបាលរបស់ប្រទេសបេណាំង បាននិយាយមុននេះថា កងទ័ពរបស់ខ្លួនបានរារាំងការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលធ្វើឡើងដោយក្រុមយោធាមួយក្រុម នៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលពួកគេបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ជាតិថា លោកប្រធានាធិបតី Patrice Talon ត្រូវបានដកចេញពីតំណែង។ អ្នកធ្វើរដ្ឋប្រហារមួយចំនួន ត្រូវបានចាប់ខ្លួន។ រដ្ឋាភិបាលបានអះអាងនិយាយថា ខ្លួនកំពុងគ្រប់គ្រងស្ថានការណ៍នៅក្នុងប្រទេស៕