កងទ័ពវ៉េណេស៊ុយអេឡា បានទទួលទាហានថ្មីចំនួន ៥.៦០០នាក់ កាលពីថ្ងៃសៅរ៍ ខណៈដែលសហរដ្ឋអាមេរិក បានបង្កើនសម្ពាធយោធាលើប្រទេសផលិតប្រេងមួយនេះ។

លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានអំពាវនាវឲ្យមានការជ្រើសរើសយោធាកាន់តែច្រើន បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ពង្រាយកងនាវាចម្បាំង និងនាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោកទៅកាន់តំបន់ការ៉ាអ៊ីប ក្រោមលេសប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។

កងកម្លាំងអាមេរិកបានធ្វើការវាយប្រហារដ៏សាហាវលើនាវាជាង ២០គ្រឿង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៧នាក់។
ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់លោក ម៉ាឌូរ៉ូ ពីបទដឹកនាំក្រុម «Cartel of the Suns» ដែលត្រូវបានចោទប្រកាន់ថា ជាអង្គការភេរវកម្មកាលពីខែមុន។
លោក ម៉ាឌូរ៉ូ អះអាងថា ការដាក់ពង្រាយរបស់អាមេរិកមានគោលបំណងផ្តួលរំលំលោក និងដណ្តើមយកធនធានប្រេងរបស់ប្រទេសនេះ។
លោកវរសេនីយ៍ឯក Gabriel Rendon បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងពិធីមួយនៅ Fuerte Tiuna ដែលជាមូលដ្ឋានយោធាធំបំផុតរបស់វ៉េស៊ុយអេឡា ក្នុងទីក្រុងការ៉ាកាសថា៖«ក្នុងកាលៈទេសៈណាក៏ដោយ យើងមិនអនុញ្ញាតឲ្យមានការឈ្លានពានដោយកម្លាំងចក្រពត្តិនិយមឡើយ»។
យោងតាមតួលេខផ្លូវការ ប្រទេសវ៉េណេស៊ុយអេឡា មានកងទ័ពប្រហែល ២០០.០០០ នាក់ និងមន្ត្រីនគរបាលបន្ថែម ២០០.០០០ នាក់៕