មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បាននិយាយថា កោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវការថវិកាចំនួន ៥១,៨២ សែនកោដិរូពៀ (ប្រមាណ ៣,១១ ពាន់លានដុល្លារអាមេរិក) នៅក្នុងការកសាង និងស្តារឡើងវិញ បន្ទាប់ពីមានទឹកជំនន់ដ៏មហន្តរាយជាបន្តបន្ទាប់។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូននៅឥណ្ឌូនេស៊ី បានកើនឡើងដល់ ៩៥០នាក់ហើយ គិតត្រឹមថ្ងៃចន្ទនេះ ហើយមនុស្សជិត ៣០០នាក់ នៅតែបាត់ខ្លួន។ ព្យុះនេះក៏បានសម្លាប់មនុស្សប្រហែលជាង ២០០នាក់នៅភាគខាងត្បូងប្រទេសថៃ និងម៉ាឡេស៊ី ផងដែរ។

លោក Suharyanto ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយថា មូលនិធិស្ដារឡើងវិញដែលត្រូវការ នៅទូទាំងខេត្តប៉ះពាល់ចំនួន៣ មានដូចជា ខេត្ត Aceh ខេត្តស៊ូម៉ាត្រាខាងជើង និងស៊ូម៉ាត្រាខាងលិច អាចនៅតែកើនឡើង ដោយសារទីភ្នាក់ងារ មិនទាន់គណនារួចនៅឡើយទេថាតើមានការខូចខាតសរុបប៉ុន្មាន។
លោកបន្តថា ដំណើរការសាងសង់ឡើងវិញនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ ក្នុងតំបន់មួយចំនួននៅកោះស៊ូម៉ាត្រាខាងជើង និងកោះស៊ូម៉ាត្រាភាគខាងលិច ដែលបានធូរស្បើយឡើងវិញខ្លះពីមហន្តរាយ។ ឆ្លើយតបទៅនឹងតម្លៃប៉ាន់ប្រមាណដំបូងនៃការស្តារឡើងវិញនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បាននិយាយថា ការគណនារបស់លោកក៏ "ស្រដៀងគ្នា" នេះដែរ ប៉ុន្តែមិនលម្អិតឡើយថា តើលោកនឹងអនុម័តការចំណាយនេះឬក៏អត់នោះទេ៕

