ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទនេះថា ជនជាតិស៊ីរីជាង ៣ លាននាក់បានវិលត្រឡប់មកប្រទេសកំណើតរបស់ពួកគេវិញ ចាប់តាំងពីការដួលរលំនៃការគ្រប់គ្រងរបស់លោក បាសា អាល់អាសាដ កាលពីមួយឆ្នាំមុន ប៉ុន្តែការធ្លាក់ចុះនៃមូលនិធិសកល អាចរារាំងអ្នកដទៃ ទៀត។
ជនភៀសខ្លួនប្រហែល ១,២ លាននាក់បន្ថែមពីលើជនភៀសខ្លួនក្នុងស្រុកចំនួន ១,៩ លាននាក់ បាន ត្រឡប់ទៅប្រទេសវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលដែលបានបញ្ចប់ ដោយការផ្តួលរំលំរបស់របបលោក អាសាដ ប៉ុន្តែមនុស្សរាប់លាននាក់ទៀត មិនទាន់ត្រឡប់មកវិញនៅឡើយទេ។ នេះបើយោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)។
ទីភ្នាក់ងារនេះបាននិយាយថា ត្រូវការការគាំទ្របន្ថែមទៀត ដើម្បីធានាថា និន្នាការនេះ នៅតែបន្ត។

លោក Filippo Grandi ប្រធានអង្គការ UNHCR បានថ្លែងថា៖«ជនជាតិស៊ីរីត្រៀមខ្លួនរួចរាល់ហើយក្នុងការកសាងឡើងវិញ សំណួរគឺថាតើពិភពលោកត្រៀមខ្លួនជួយពួកគេធ្វើវាឬអត់»។ ជនភៀសខ្លួនជាង ៥ លាននាក់ នៅតែនៅខាងក្រៅព្រំដែនស៊ីរី ភាគច្រើននៅក្នុងប្រទេសជិតខាងដូចជាហ្ស៊កដានី និងលីបង់។
លោក Grandi បានប្រាប់អ្នកផ្តល់ជំនួយនៅទីក្រុងហ្សឺណែវកាលពីសប្តាហ៍មុនថា មានហានិភ័យដែលជនជាតិស៊ីរីទាំងនោះដែលកំពុងវិលត្រឡប់មកប្រទេសវិញ អាចនឹងប្តូរទិសដៅរបស់ពួកគេ ហើយត្រឡប់ទៅកាន់រដ្ឋម្ចាស់ផ្ទះវិញ៕
