អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី ឈរនៅជាមួយមេដឹកនាំរបស់ប្រទេសវ៉េណេស៊ុយអេឡា ហើយអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកទប់កុំឲ្យ «រអិល» ធ្លាក់ចូលទៅក្នុងជម្លោះទ្រង់ទ្រាយធំជាមួយទីក្រុងការ៉ាកាស។

ទីក្រុងមូស្គូ មើលឃើញពីការវិវឌ្ឍថ្មីៗនេះនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយភាពតានតឹងនៅតែខ្ពស់ និងបន្តកើនឡើង។ លោក Ryabkov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS ដោយនិយាយថា «រឿងនេះភាគច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងបំណងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការអះអាងពីភាពលេចធ្លោមិនអាចប្រកែកបាននៅក្នុងតំបន់»។
លោក Ryabkov បានសង្កត់ធ្ងន់ថា រុស្ស៊ី រក្សាសាមគ្គីភាពយ៉ាងរឹងមាំជាមួយប្រទេសវ៉េណេស៊ុយអេឡា ដោយនិយាយសំដៅទៅលើកិច្ចព្រមព្រៀងដែលទើបបញ្ចប់ថ្មីៗនេះស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក Ryabkov បាននិយាយថា «យើងគាំទ្រប្រទេសវ៉េណេស៊ុយអេឡា ខណៈប្រទេសនេះគាំទ្រយើង ដែលនៅក្នុងពេលវេលាដ៏លំបាកនេះ យើងឈរនៅជាមួយទីក្រុងការ៉ាកាស និងមេដឹកនាំរបស់ប្រទេសនេះក្នុងបំណងដូចគ្នា»។
សហរដ្ឋអាមេរិក បានបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប។ មន្ទីរបញ្ចកោណបានធ្វើការវាយប្រហារយ៉ាងហោចណាស់២២លើកលើទូកដឹកជញ្ជូនគ្រឿងញៀននៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ចាប់តាំងពីថ្ងៃទី២ ខែកញ្ញា ដោយបានសម្លាប់មនុស្ស៨៧នាក់នៅលើទូក។
