អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ និងអេហ្ស៊ីបបានព្រមព្រៀងគ្នា ដើម្បីធ្វើការពិគ្រោះយោបល់នយោបាយទ្វេភាគីជុំថ្មី នាពេលឆាប់ៗនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោក នៅទីក្រុងតេអេរ៉ង់ លោក Baghaei បាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេច ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty។ លោកមិនបានបញ្ជាក់ថា ការពិគ្រោះយោបល់នេះ បានកើតឡើងនៅពេលណា ឬកន្លែងណានោះទេ។

លោក Baghaei បាននិយាយថា ការសន្ទនានេះផ្តោតលើទំនាក់ទំនងទ្វេភាគី និងការវិវត្តចុងក្រោយបំផុតនៅមជ្ឈិមបូព៌ា ដោយហៅការសម្រេចចិត្តបន្តកិច្ចពិគ្រោះយោបល់នយោបាយនេះថា ជា «វឌ្ឍនភាពដ៏សំខាន់មួយ»។
រដ្ឋមន្ត្រីទាំងពីររូប បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងលីបង់ ដែលពួកគេបាននិយាយថា នៅតែបន្ត ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន និងចលនាហេសបូឡានៅលីបង់ក៏ដោយ។ នេះបើយោងតាមលោក Baghaei និងសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់បានចោទអ៊ីស្រាអែលចំពោះការ«ឈ្លានពានជាបន្តបន្ទាប់ និងការរំលោភបំពានលើបទឈប់បាញ់ម្តងហើយម្តងទៀត» ហើយបានជំរុញឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពភ្លាមៗដើម្បីបញ្ឈប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល៕
