មន្ត្រីជាន់ខ្ពស់សេតវិមាន បានប្រាប់សារព័ត៌មានមួយថា សហរដ្ឋអាមេរិក អ៊ីស្រាអែល និងកាតា បានបើកកិច្ចប្រជុំត្រីភាគី នៅទីក្រុង New York កាលពីថ្ងៃអាទិត្យ (ទី៧ ខែធ្នូ) ដោយជំនួបនេះបានកើតឡើងប៉ុន្មានខែបន្ទាប់ពីយន្តហោះអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមផ្លូវអាកាស នៅទីក្រុងដូហា ជាយុទ្ធនាការមិនទទួលបានជោគជ័យ ក្នុងការដាក់គោលដៅលើថ្នាក់ដឹកនាំរបស់ក្រុមហាម៉ាស។
មន្ត្រីសេតវិមានរូបនោះបានបញ្ជាក់ថា កិច្ចប្រជុំនេះបានកើតឡើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។ តែប្រភពចំនួន ២ បានប្រាប់សារព័ត៌មានអាមេរិក Axios ថា នេះគឺជា «កិច្ចប្រជុំកម្រិតខ្ពស់បំផុត រវាងប្រទេសទាំង៣ ចាប់តាំងពីមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា ដែលកាតាបានធ្វើតួនាទីជាអ្នកសម្រុះសម្រួលដ៏សំខាន់»។
ជាមួយគ្នានេះ សារព័ត៌មាន Axios ក៏បានរាយការណ៍ផងដែរថា បេសកជនសេតវិមាន លោក Steve Witkoff បានរៀបចំកិច្ចប្រជុំនេះ ដោយមានវត្តមានរបស់ប្រធានចារកម្ម Mossad គឺលោក David Barnea តំណាងឲ្យអ៊ីស្រាអែល និងមន្ត្រីជាន់ខ្ពស់កាតាដែលមិនត្រូវបានបញ្ចេញឈ្មោះ។

កាតា រួមជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក បានជួយធ្វើជាឈ្មួញកណ្តាលឲ្យមានបទឈប់បាញ់គ្រប់ជ្រុងជ្រោយមួយ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលនៅតែមានភាពល្អក់កករ ខណៈដែលទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទដាក់គ្នាទៅវិញទៅមកថា បានបំពានលក្ខខណ្ឌបទឈប់បាញ់នេះ។ យ៉ាងណាក្ដី សារព័ត៌មាន Axios បានរាយការណ៍ថា កិច្ចប្រជុំថ្ងៃទី៧ ខែធ្នូ គឺភាគច្រើនផ្ដោត «លើការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សា។
គួររំលឹកថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដូហារបស់ប្រទេសកាតា កាលពីថ្ងៃទី៩ ខែកញ្ញា មិនទទួលបានជោគជ័យឡើយ ក្នុងការដាក់គោលដៅលើអ្នកចរចាជានខ្ពស់របស់ក្រុមហាម៉ាស គឺលោក Khalil al-Hayra និងអ្នកផ្សេងទៀតក្នុងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ផ្ទុយទៅវិញ ការវាយប្រហារនោះបានបណ្ដាលឲ្យមនុស្ស ៦នាក់បត់បង់ជីវិត និងបង្កឲ្យមានការរិះគន់ជាបន្តបន្ទាប់ ក្នុងរួមទាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ផងដែរ៕
