ប្រទេសកូរ៉េខាងត្បូងកំពុងរៀបចំផ្លាស់ប្តូរការិយាល័យប្រធានាធិបតីត្រឡប់ទៅវិមាន Blue House វិញ ជាការសម្រេចមួយ ដែលមានគោលបំណងលុបបំបាត់កេរដំណែលរបស់អតីតមេដឹកនាំ លោក Yoon Suk Yeol ពោលគឺមួយឆ្នាំបន្ទាប់ពីការប៉ុនប៉ងមិនជោគជ័យរបស់លោក ក្នុងការដាក់ប្រទេសឲ្យស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក ជាអ្វីដែលបានបង្កឲ្យមានអស្ថិរភាពនយោបាយជាច្រើនខែ។
កាលពីថ្ងៃអាទិត្យ (ទី៧ ខែធ្នូ) នាយអគ្គសេនាធិការរបស់ប្រធានាធិបតី លោក Lee Jae Myung គឺលោក Kang Hoon-sik បាននិយាយថា៖ «ការិយាល័យប្រធានាធិបតី នឹងចាកចេញពីតំបន់ Yongsan ហើយប្តូរត្រឡប់ទៅវិមាន Blue House ដែលប្រធានាធិបតីធ្លាប់ស្នាក់នៅជាប្រពៃណី និងគួរតែស្នាក់នៅ នៅទីនោះ»។

ការផ្លាស់ប្តូរនេះនឹងត្រូវបញ្ចប់សព្វគ្រប់នៅចុងឆ្នាំ២០២៥ នេះ។ លោក Yoon បានផ្លាស់ប្ដូរការិយាល័យប្រធានាធិបតីទៅកាន់បរិវេណក្រសួងការពារជាតិ នៅតំបន់ Yongsan កណ្តាលទីក្រុងសេអ៊ូល កាលពីពេលលោកបានស្បថចូលកាន់តំណែងនៅឆ្នាំ២០២២ ដោយលើកឡើងថា ការផ្លាស់ប្តូរនេះនឹងធ្វើឲ្យអាណត្តិប្រធានាធិបតីកាន់តែមានភាពប្រជាធិបតេយ្យ ព្រោះរដ្ឋបាលកាន់តែជិតស្និទ្ធជាមួយសាធារណជន។
គួរបញ្ជាក់ថា លោក Yoon បានរិះគន់វិមាន Blue House ដែលមានចម្ងាយប្រហែល ៥គីឡូម៉ែត្រពីការិយាល័យប្រធានាធិបតីបច្ចុប្បន្ននេះថា ជា «និមិត្តរូបនៃអំណាចអធិរាជ»។ អតីតប្រធានាធិបតីរូបនេះត្រូវបានដកចេញពីតំណែង ដោយសារការប៉ុនប៉ងមិនបានសម្រេច ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹករបស់លោក ហើយឥឡូវនេះកំពុងជាប់ពន្ធនាគារ ដោយប្រឈមនឹងការកាត់ទោសពីបទបះបោរ៕
