ក្រុមមន្រ្តីនៅតំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ពីកង្វះខាតស្បៀងអាហារ ទីជម្រក និងឱសថ ពេលដែលចំនួនមនុស្សស្លាប់សរុប បានកើនឡើងដល់ ៩៥០នាក់នៅថ្ងៃចន្ទនេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលច្រើនសប្តាហ៍ ។
ព្យុះត្រូពិក និងភ្លៀងមូសុង បានវាយប្រហារតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីខាងត្បូង បង្កឲ្យកើតមានបំណាក់ដី និងទឹកជំនន់ដ៏គំហុក ចាប់ពីកោះភាគខាងលិចស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី រហូតដល់ប្រទេសស្រីលង្កា ។

លោក Muzakir Manaf គឺជាអភិបាលខេត្តអាឆេ ប្រទេសឥណ្ឌូនេស៊ី និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា អ្វីៗគឺខ្វះខាតគ្រប់បែបយ៉ាង ជាពិសេសបុគ្គលិកវេជ្ជសាស្រ្ត ។ ពួកយើងខ្វះខាតគ្រូពេទ្យជាច្រើន ។ សម្ភារៈចាំបាច់ជាមូលដ្ឋាន ក៏សំខាន់ផងដែរ វាមិនត្រឹមតែជាសម្ភារៈ ១-២ប៉ុណ្ណោះទេ ។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី និយាយថា មនុស្ស ៩៥០នាក់ នៅខេត្តអាឆេ ខេត្តស៊ូម៉ាត្រាខាងលិច និងខេត្តស៊ូម៉ាត្រាខាងជើង ត្រូវបានសម្លាប់ ក្នុងនោះមនុស្ស ២៧៤នាក់ ផ្សេងទៀត កំពុងបាត់ខ្លួន ។
ដោយឡែក នៅប្រទេសស្រីលង្កា យោធាបានដាក់ពង្រាយទាហានរាប់ពាន់នាក់បន្ថែមទៀត ដើម្បីជួយដល់កិច្ចខិតខំងើបឡើងវិញនៅទីនោះ ក្រោយព្យុះស៊ីក្លូនបានបង្កការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ដោយបានសម្លាប់មនុស្ស ៦២៧នាក់ ។
មនុស្សជាង ២លាននាក់ ដែលស្មើនឹងជិត ១០ភាគរយនៃចំនួនពលរដ្ឋសរុបនៅក្នុងប្រទេសស្រីលង្កា បានរងផលប៉ះពាល់ដោយសារព្យុះ Ditwah ដែលជាព្យុះស៊ីក្លូនដ៏អាក្រក់បំផុតវាយប្រហារប្រទេសកោះនេះ ក្នុងសតវត្សរ៍នេះ ៕


