ព្រះមហាក្សត្រ Abdullah ទី២ នៃប្រទេសហ្ស៊កដានី និងតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Kaja Kallas ដែលបានទៅបំពេញទស្សនកិច្ចកាលពីថ្ងៃអាទិត្យ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការសម្រេចបាននូវភាពស្ងប់ស្ងាត់យ៉ាងទូលំទូលាយ នៅក្នុងតំបន់ និងរក្សាអធិបតេយ្យភាពរបស់រដ្ឋនានា ខណៈដែលពួកគេបានពិភាក្សាអំពីការវិវត្ត ក្នុងតំបន់ដែលកំពុងបន្ត។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីថា ដំណោះស្រាយរដ្ឋពីរ គឺជាមូលដ្ឋានតែមួយគត់សម្រាប់សម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។
ព្រះមហាក្សត្រ Abdullah បានជំរុញឲ្យមានការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅហ្កាហ្សា ការផ្តល់ជំនួយមនុស្សធម៌ដោយមិនមានការរំខាន និងការបញ្ឈប់ជាបន្ទាន់ចំពោះវិធានការឯកតោភាគីប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់វេសបែង (West Bank)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថាប័នទំនាក់ទំនងផ្នែករដ្ឋបាលនិងនយោបាយរវាងព្រះមហាក្សត្រ និងរដ្ឋហ្ស៊កដានី។
ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងការរៀបចំសម្រាប់កិច្ចប្រជុំកំពូលហ្ស៊កដានី-សហភាពអឺរ៉ុប ដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងអាម៉ាន (Amman) ក្នុងខែមករា ឆ្នាំ ២០២៦ ក៏ដូចជាវេទិកាសេដ្ឋកិច្ចរួមគ្នាដែលគ្រោងធ្វើសម្រាប់ឆ្នាំក្រោយ ដោយមានការចូលរួមពីវិនិយោគិននៃភាគីទាំងពីរ។
លោកស្រី Kallas បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយហ្ស៊កដានី និងបានកត់សម្គាល់ពីតួនាទីសំខាន់របស់ព្រះរាជាណាចក្រនេះ ក្នុងការគាំទ្រស្ថិរភាពក្នុងតំបន់៕
