នៅព្រឹកថ្ងៃចន្ទនេះ នគរបាលអ៊ីស្រាអែលបាលវាយឆ្មក់ទីស្នាក់ការកណ្តាលទីភ្នាក់ងារការងារជំនួយអង្គការសហប្រជាជាតិ(UNRWA) ។
រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រឃើញ ក្រុមមន្រ្តីនគរបាល និងរថយន្តនៅទីកន្លែងរងការវាយឆ្មក់ ស្ថិតក្នុងខ្លោងទ្វារទីស្នាក់ការកណ្តាល UNRWA ហើយទង់ជាតិអ៊ីស្រាអែល ត្រូវបានលើកនៅលើអគារ ។

ប្រធានសន្តិសុខនៅទីស្នាក់ការកណ្តាលនេះ និយាយថា នគរបាល និងក្រុមមន្រ្តីក្រុង បានធ្វើដំណើរមកដល់កាលពីវេលាម៉ោង ៦ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុក ហើយពួកគេលើកគ្រឿងសង្ហារឹមដាក់លើរថយន្តធំ ហើយឃាត់ខ្លួនអ្នកយាមសន្តិសុខ ៤នាក់ របស់ទីភ្នាក់ងារ UNRWA ។
ទីភ្នាក់ងារ UNRWA និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចូលដោយបង្ខំ និងពុំមានការអនុញ្ញាតដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល គឺជាការបំពានពុំអាចទទួលយកបានមួយលើឯកសិទ្ធិរបស់ UNRWA និងអភ័យឯកសិទ្ធិ ក្នុងនាមជាទីភ្នាក់ងារអង្គការសហប្រជាជាតិ ។ អ៊ីស្រាអែល គឺជាផ្នែកមួយនៃអនុសញ្ញាស្តីពីឯកសិទ្ធិ និងអភ័យឯកសិទ្ធិរបស់ UN ។
នគរបាលអ៊ីស្រាអែលនិយាយថា សកម្មភាពនេះ ត្រូវបានធ្វើឡើងដោយសាលាក្រុងហ្សេរុយសាឡឹម ដែលជាផ្នែកមួយនៃនីតិវិធីប្រមូលបំណុល ហើយនគរបាលមានវត្តមាននៅទីនោះ ដើម្បីធានាសកម្មភាពរបស់មន្រ្តីសាលាក្រុង ៕
