ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានប្រកាសថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ (ទី៨ ខែធ្នូ) បានចាប់ផ្តើមធ្វើការអំពាវនាវមនុស្សធម៌ «Life By Life» (ជីវិតជួយជីវិត) ចំនួន ៣៣ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងជួយដល់មនុស្សចំនួន ១៣៥លាននាក់។

សេចក្តីថ្លែងការណ៍របស់ OCHA បានឲ្យដឹងថា៖ «UN និងដៃគូនៅថ្ងៃនេះ បានចាប់ផ្តើមការអំពាវនាវសុំជំនួយមនុស្សធម៌ជាសាកល ដើម្បីជួយសង្រ្គោះជីវិតមនុស្សរាប់លាននាក់ ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារស្ថានភាពនានា ដូចជាសង្រ្គាម គ្រោះមហន្តរាយអាកាសធាតុ គ្រោះរញ្ជួយដី ជំងឺរាតត្បាតជាដើម និងដែលមិនអាចដាំដំណាំឲ្យទទួលបានផលល្អប្រសើរ»។
ទីភ្នាក់ងារនេះ បានសង្កត់ធ្ងន់ថា «អាទិភាពបន្ទាន់» របស់ខ្លួន គឺការធានាឲ្យបាននូវចំនួន ២៣ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះមនុស្ស ៨៧លាននាក់ ដោយកម្រិតសរុបកើនឡើងដល់ ៣៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ ដើម្បីបានជួយទៅដល់មនុស្ស ១៣៥លាននាក់ «តាមរយៈប្រតិបត្តិការ ២៣ប្រទេស និងផែនការចំនួន ៦ សម្រាប់ជនភៀសខ្លួន និងជនអន្តោប្រវេសន៍»។
OCHA បានឲ្យដឹងបន្ថែមថា ការផ្តល់មូលនិធិ សម្រាប់ការអំពាវនាវសុំជំនួយឆ្នាំ២០២៥ គឺមាន «កម្រិតទាបបំផុត ក្នុងរយៈពេលមួយទសវត្សរ៍» ដោយមានចំនួន ១២ពាន់លានដុល្លារ ហើយជំនួយមនុស្សធម៌ បានជួយទៅដល់មនុស្ស «២៥លាននាក់ ដែលតិចជាងឆ្នាំ២០២៤ ដោយសារតែការកាត់បន្ថយមូលនិធិ «ដ៏អាក្រក់ធ្ងន់ធ្ងរ»៕


