នៅថ្ងៃចន្ទនេះ ក្រុមជីវពលហាម៉ាស និងសមាជិកគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) បានធ្វើដំណើរទៅស្វែងរកសាកសពរបស់ចំណាប់ថ្នូរចុងក្រោយគេនៅតំបន់ហ្កាហ្សា ។
ក្រុមជីវពលប្រដាប់អាវុធហាម៉ាស បានឈរការពារនៅជិតរថយន្តរបស់ទីភ្នាក់ងារ ICRC នៅទីក្រុងហ្កាហ្សា មុនពេលក្បួនរថយន្តចេញដំណើរ ។
សាកសពចំណាប់ថ្នូរចុងក្រោយគេបង្អស់ដែលត្រូវប្រគល់ជូននេះ គឺជាមន្រ្តីនគរបាល ដែលត្រូវបានសម្លាប់ អំឡុងការប្រយុទ្ធកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ពេលដែលក្រុមជីវពលហាម៉ាស វាយប្រហារអ៊ីស្រាអែល ។

ចាប់តាំងពីបទឈប់បាញ់ចាប់ផ្តើម ក្រុមហាម៉ាស បានប្រគល់ចំណាប់ថ្នូររស់ទាំង ២០នាក់ និងសាកសពចំណាប់ថ្នូរ ២៧នាក់ ជាការដោះដូរនឹងអ្នកទោសត្រូវបានកាត់ទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល ២ពាន់នាក់ ។
អ៊ីស្រាអែល បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេនឹងបើកច្រកឆ្លងកាត់ព្រំដែន Rafah ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយនិងអនុញ្ញាតឲ្យមានការធ្វើដំណើរចូលឆ្លងកាត់ច្រកមួយនេះ ទៅកាន់តំបន់ហ្កាហ្សា ពេលណាដែលសាកសពចំណាប់ថ្នូរចុងក្រោយ ត្រូវបានប្រគល់ឲ្យ ៕

