ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញញត្តិថ្កោលទោស ចំពោះការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ មកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ ខ្ពើមរបស់ប្រទេសថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងតំបន់ជាច្រើនតាមបណ្ដោយព្រំដែនន ប្រទេសទាំងពីរក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ ជាជនស៊ីវិលស្លាប់ និងរងរបួសមួយចំនួន ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនរបស់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបានធ្វើឱ្យសាលារៀនគ្រប់កម្រិតជាច្រើន បិទដំណើរការ។
ការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា គឺបានបង្ហាញពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ប្រទេសថៃ លើសេចក្ដីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាការបំពានយ៉ាង គឃ្លីនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC)។
ក្រសួងអប់រំ យុវជន និងកីឡា សូមគាំទ្រយ៉ាងខ្លាំងក្លាដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការគ្រប់ បែបយ៉ាង ដើម្បីការពារប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងសូម អំពាវនាវដល់ជនរួមជាតិទូទាំងប្រទេសសូមរួបរួមគ្នា នៅជាមួយរាជរដ្ឋាភិបាល វីរៈកងទ័ព និងរួមសាមគ្គីគ្នាដើម្បី បុព្វហេតុជាតិ និងមាតុភូមិរបស់យើង៕
