សារព័ត៌មានរដ្ឋចិន CCTV រាយការណ៍នៅថ្ងៃចន្ទនេះថា តុលាការក្រុងប៉េកាំង បានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី សងជំងឺចិត្តដល់គ្រួសារអ្នកដំណើរបាត់ខ្លួនមួយចំនួន នៅលើជើងហោះហើរ MH370 ចំនួន ៤១.២៤០ដុល្លារ ក្នុង ១ករណី ។
យោងតាមសេចក្តីរាយការណ៍ពី CCTV បានឲ្យដឹងថា សេចក្តីសម្រេចនេះ សម្រាប់ ៨ករណី ពាក់ព័ន្ធនឹងអ្នកដំណើរ ៨នាក់ ។ ៤៧ករណីទៀត ត្រូវបានដោះស្រាយរួច និងបានដកចេញ ហើយករណីសេសសល់ចំនួន ២៣ទៀត នៅស្ថិតក្រោមការកាត់ក្តី ។

ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ពុំបានឆ្លើយតបភ្លាមៗនោះចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយជុំវិញបញ្ហានេះ ។
ក្រសួងដឹកជញ្ជូនម៉ាឡេស៊ី និយាយនៅដើមខែនេះថា ការស្វែងរកយន្តហោះ MH370 នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី ៣០ ខែធ្នូ ខាងមុខនេះ ។
វាមានរយៈពេលជាង ១០ឆ្នាំមកហើយ ចាប់តាំងពីជើងហោះហើរធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង បានបាត់ខ្លួន អំឡុងដឹកអ្នកដំណើរ ២២៧នាក់ និងក្រុមអាកាសយានដិក ១២នាក់ ។
២ ភាគ ៣នៃអ្នកដំណើរនៅលើយន្តហោះ Boeing 777 គឺជាជនជាតិចិន ខណៈអ្នកដំណើរផ្សេងទៀត រួមមានជនជាតិម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងអូស្រ្តាលី ក៏ដូចជាជនជាតិឥណ្ឌា អាមេរិក ហូឡង់ និងបារាំង ៕
