អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទ (ទី៨ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា មនុស្សជាង ១០០នាក់ ក្នុងនោះមានរួមទាំងកុមាររាប់សិបនាក់ផងដែរ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើសាលាមត្តេយ្យមួយ ក្នុងប្រទេសស៊ូដង់ ដែលបានបន្ត សូម្បីតែនៅពេលឪពុកម្តាយ និងអ្នកមើលថែ បានប្រញាប់ប្រញាល់បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។
កន្លែងថែទាំសុខភាព នៅស៊ូដង់ បានរងការវាយប្រហារម្តងហើយម្តងទៀតនៅជិតតំបន់សមរភូមិជួរមុខនៃសង្គ្រាមស៊ីវិលរយៈពេល ២ឆ្នាំកន្លះរបស់ប្រទេសនេះ។ ហើយជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការសម្លាប់រង្គាលក៏បានកើតឡើងផងដែរ កាលពីខែតុលា នៅក្នុងទីក្រុង al-Fashir។

ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បានរៀបរាប់នៅលើបណ្ដាញសង្គម X ថា ការវាយប្រហារចុងក្រោយ កាលពីថ្ងៃទី៤ ខែធ្នូ បានចាប់ផ្ដើមឡើង ដោយមានការវាយប្រហារម្ដងហើយម្ដងទៀតលើសាលាមត្តេយ្យ នៅក្នុងរដ្ឋ South Kordofan។ លោកបានបន្ថែមថា៖ «ហើយអ្វីដែលគួរតក់ស្លុតនោះ គឺថា ក្រុមគ្រូពេទ្យ និងអ្នកឆ្លើយតបបានរងការវាយប្រហារ ខណៈពួកគេព្យាយាមនាំយកអ្នករងរបួសពីសាលាមត្តេយ្យទៅកាន់មន្ទីរពេទ្យ»។
ក្រសួងការបរទេសស៊ូដង់បានថ្កោលទោសការវាយប្រហារ ដែលខ្លួនបាននិយាយថា ធ្វើឡើងដោយកងកម្លាំងគាំទ្ររហ័ស (RSF) ដោយប្រើប្រាស់យានដ្រូន។ មូលដ្ឋានទិន្នន័យរបស់ WHO បានបង្ហាញថា អាវុធធុនធ្ងន់ ត្រូវបានប្រើប្រាស់ ហើយមនុស្ស ១១៤នាក់ រួមមានទាំងកុមារ ៦៣នាក់ផងដែរ ត្រូវបានសម្លាប់ និង ៣៥នាក់ទៀតរងរបួស៕

