ក្រសួងកសិកម្មរបស់ទីក្រុងម៉ានីល បានប្រកាសថា ប្រទេសហ្វីលីពីន បានហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចូលជ្រូក និងផលិតផលសាច់ជ្រូកពីប្រទេសអេស្ប៉ាញ និងកោះតៃវ៉ាន់ បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងទីតាំងទាំង ២ នេះ។
ការបញ្ឈប់ការនាំចូលដែលបានប្រកាសដាច់ដោយឡែកពីគ្នា ដោយកាលពីថ្ងៃអាទិត្យ (ទី៧ ខែធ្នូ) សម្រាប់អេស្ប៉ាញ និងនៅថ្ងៃចន្ទ (ទី៨ ខែធ្នូ) នេះ សម្រាប់កោះតៃវ៉ាន់ មានទាំងលើជ្រូករស់ និងផលិតផលសាច់ជ្រូក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃទី៨ ខែធ្នូនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Francisco Tiu Laurel បានឲ្យដឹងថា៖ «យើងត្រូវតែមានការប្រុងប្រយ័ត្ន ក្នុងការទប់ស្កាត់កុំឲ្យមានការឆ្លងមេរោគ ASF បន្ថែមទៀត ដើម្បីការពារការងារ និងការវិនិយោគ»។
សេចក្ដីហាមប្រាមនាំចូលសាច់ជ្រូកពីអេស្ប៉ាញ ដែលជាប្រទេសផលិតដ៏ធំបំផុតជាងគេរបស់សហភាពអឺរ៉ុប ធ្វើឡើងបន្ទាប់ពីមាននូវរបាយការណ៍មួយ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ពីអាជ្ញាធរបសុពេទ្យរបស់ប្រទេសដែលបញ្ជាក់ទៅកាន់អង្គការពិភពលោក សម្រាប់សុខភាពសត្វ អំពីវត្តមាននៃករណី ASF ក្នុងចំណោមជ្រូកព្រៃ នៅក្នុងទីក្រុង Barcelona។
ក្រសួងបានបញ្ជាក់ថា ការអនុញ្ញាតឲ្យនាំចូល ទាំងសម្រាប់កោះតៃវ៉ាន់ និងប្រទេសអេស្ប៉ាញ ត្រូវបាន «លុបចោលដោយស្វ័យប្រវត្តិ»៕
