សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី៨ ខែធ្នូ) បានច្រានចោលការរិះគន់ធ្ងន់ៗ នៅលើប្រព័ន្ធអ៊ីនធឺណិតពីសំណាក់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បន្ទាប់ពីបណ្ដាញសង្គម X របស់លោក ត្រូវបានពិន័យជាប្រាក់ចំនួន ១២០លានអឺរ៉ូ (១៤០លានដុល្លារ) ដោយទីក្រុងប្រ៊ុចសែល។

អ្នកនាំពាក្យរបស់ EU លោកស្រី Paula Pinho បាននិយាយថា៖ «វាជាផ្នែកមួយនៃសេរីភាពបញ្ចេញមតិ ដើម្បីបញ្ចេញនូវសេចក្តីថ្លែងការណ៍មិនសមហេតុផលទាំងស្រុង»។
លោក Musk បានរិះគន់ធ្ងន់ៗទៅលើ EU កាលពីចុងសប្តាហ៍កន្លងមក ដោយបានបង្ហោះសារថា «ប្លុកនេះគួរតែត្រូវបានលុបចោល ហើយអធិបតេយ្យភាពត្រូវប្រគល់ជូនប្រទេសនីមួយៗវិញ»។ លោកបានបន្ថែមក្នុងការបង្ហោះមួយទៀតថា៖ «ខ្ញុំស្រឡាញ់អឺរ៉ុប គឺអឺរ៉ុប ប៉ុន្តែមិនមែនប្រព័ន្ធការិយាធិបតេយ្យនោះទេ»។
គួរបញ្ជាក់ថា បន្ទាប់ពីមានការស៊ើបអង្កេតដ៏លេចធ្លោមួយដែលត្រូវបានគេមើលឃើញថា ជាការសាកល្បងការដោះស្រាយរបស់ EU ចំពោះការអនុវត្តច្បាប់លើក្រុមហ៊ុនបច្ចេកវិទ្យាធំ Big Tech វេទិកាបណ្ដាញសង្គមដែលគ្រប់គ្រងដោយអ្នកមានបំផុតរបស់ពិភពលោក ត្រូវរងការពិន័យ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងទៅ ដោយសារការបំពានច្បាប់ឌីជីថលរបស់ប្លុកនេះ៕
