ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា អ្នកចរចានៅតែខ្វែងគំនិតគ្នា ជុំវិញការធ្វើសម្បទានដែនដី នៅក្នុងផែនការសន្តិភាព ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ នេះបើតាមសារព័ត៌មាន Bloomberg News ដែលបានរាយការណ៍នៅថ្ងៃចន្ទ (ទី៨ ខែធ្នូ) ដោយដកស្រង់បទសម្ភាសន៍តាមទូរសព្ទជាមួយមេដឹកនាំអ៊ុយក្រែន។
បើយោងតាមរបាយការណ៍នេះ បានឲ្យដឹងថា ផ្នែកនៃសំណើរបស់សហរដ្ឋអាមេរិក ទាមទារឲ្យមានការពិភាក្សាបន្ថែមទៀត លើ «បញ្ហារសើបនានា» ក្នុងនោះរួមទាំងការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន និងការគ្រប់គ្រងលើដែនដីភាគខាងកើតរបស់ខ្លួនផងដែរ។

លោក Zelenskiy បានប្រាប់សារព័ត៌មាន Bloomberg News នាព្រឹកថ្ងៃចន្ទនេះថា៖ «មានចក្ខុវិស័យរបស់សហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន តែយើងមិនមានទស្សនៈរួមគ្នា ពាក់ព័ន្ធនឹងតំបន់ Donbas ទេ»។ លោកបានបន្ថែមថា ទីក្រុងគីវកំពុងស្វែងរកកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ ស្តីពីការធានាសន្តិសុខពីសម្ព័ន្ធមិត្តលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។
លោក Zelenskiy គ្រោងនឹងជួបមេដឹកនាំអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅទីក្រុងឡុងដ្រ៍ នាថ្ងៃចន្ទនេះ ដើម្បីប្រមែប្រមូលការគាំទ្រ ខណៈដែលក្រុងវ៉ាស៊ីនតោន បង្កើនសម្ពាធលើទីក្រុងគីវឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានស្នើឡើង ជាមួយរុស្ស៊ី។
មន្ត្រីអាមេរិកបានលើកឡើងថា ពួកគេកៀកនឹងបញ្ចប់កិច្ចព្រមព្រៀងហើយ ទោះបីជាអ៊ុយក្រែន និងរុស្ស៊ីមិនបានបង្ហាញឆន្ទៈ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលព្រាងដោយក្រុមរបស់លោក Trump ក៏ដោយ៕
