នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បានស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងមេដឹកនាំមកពីប្រទេសបារាំង និងអាល្លឺម៉ង់ នៅទីក្រុងឡុងដ្រ៍ ដើម្បីពិភាក្សាស្ថានភាពនៅអ៊ុយក្រែន និងកិច្ចចរចាកំពុងបន្តក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ។
អ៊ុយក្រែននឹងត្រូវឆ្លងកាត់ដំណាក់កាលមួយក្នុងចំណោមដំណាក់កាលដ៏លំបាកបំផុតនៅក្នុងសង្រ្គាមរយៈពេលជិត ៤ឆ្នាំកន្លងមកនេះ ។
ទាហានរុស្ស៊ី កំពុងព្យាយាមរុលចូលទៅមុខយឺតៗ ទៅកាន់តំបន់ភាគខាងកើត ហើយទីក្រុងតូច-ធំរបស់អ៊ុយក្រែន ធ្លាក់ក្នុងភាពងងឹតសូន្យសុងអស់រយៈពេលជាច្រើនម៉ោង ដោយសារការវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ី លើបណ្តាញថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ។
ទីក្រុងវ៉ាស៊ីនតោន បានស្នើសុំឲ្យមានផែនការបទឈប់បាញ់កាលពីខែមុន ដែលយល់ព្រមការទាមទារនាសម័យសង្រ្គាមភាគច្រើនរបស់រុស្ស៊ី ។ ចាប់តាំងពីពេលនោះមក សម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងគីវ គាំទ្រឲ្យអ៊ុយក្រែនព្យាយាមធ្វើឲ្យល្អប្រសើរឡើងនូវលក្ខខណ្ឌទាំងអស់នេះ ។
លោក Steve Witkoff គឺជាប្រេសិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងកូនប្រសារ Jared Kushner បាននាំយកផែនការកែសម្រួលឡើងវិញទៅកាន់ទីក្រុងមូស្គូកាលពីសប្តាហ៍មុន បន្ទាប់មកមានជំនួបន្ថែមទៀតអស់រយៈពេលជាច្រើនថ្ងៃជាមួយក្រុមមន្រ្តីអ៊ុយក្រែននៅទីក្រុង Miami ដែលបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ ដោយពុំមានការទម្លុះភាពទាល់ច្រកណាមួយនោះឡើយ ។
លោក Zelenskiy ចាត់ទុកកិច្ចពិភាក្សាទាំងអស់នេះ ថាស្ថាបនា ប៉ុន្តែមិនងាយស្រួលនោះទេ ៕