នៅថ្ងៃចន្ទ (ទី៨ ខែធ្នូ) នេះ មេដឹកនាំចំនួន ៧ មកពីប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប (EU) បានជំរុញឲ្យ EU ចាត់វិធានការយ៉ាងឆាប់រហ័ស ចំពោះសំណើឲ្យប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន។
នៅក្នុងលិខិតមួយផ្ញើជូនប្រធានក្រុមប្រឹក្សា EU លោក Antonio Costa និងប្រធានគណៈកម្មការ EU លោកស្រី Ursula von der Leyen មេដឹកនាំមកពីប្រទេសអេស្តូនី ហ្វាំងឡង់ អៀរឡង់ ឡាតវី លីទុយអានី ប៉ូឡូញ និងស៊ុយអែត បានលើកឡើងថា៖ «ការគាំទ្រដល់អ៊ុយក្រែន ក្នុងការប្រយុទ្ធ ដើម្បីសេរីភាព និងឯករាជ្យរបស់ពួកគេ មិនត្រឹមតែជាកាតព្វកិច្ចខាងសីលធម៌ប៉ុណ្ណោះទេ តែវាក៏ជាផលប្រយោជន៍ផ្ទាល់របស់យើងផងដែរ»។
តាមរយៈលិខិតនោះ ប្រទេសទាំងនោះបានឲ្យដឹងទៀតថា៖ «ដូច្នេះ យើងត្រូវតែចាត់វិធានការយ៉ាងឆាប់រហ័ស លើសំណើរបស់គណៈកម្មាការ ដើម្បីប្រើប្រាស់សមតុល្យសាច់ប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ជាប្រាក់កម្ចីសំណងសង្គ្រាមដល់អ៊ុយក្រែន»។
គួរបញ្ជាក់ថា ក្ដីបារម្ភផ្នែកច្បាប់របស់ប្រទេសបែលហ្ស៊ិក បានធ្វើឲ្យមានការពន្យារដល់ការសម្រេច លើសំណើរបស់គណៈកម្មការអឺរ៉ុប សម្រាប់ការប្រើប្រាស់មិនធ្លាប់មានពីមុននូវទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានផ្អឹបទុក ឬការខ្ចីប្រាក់អន្តរជាតិ ដើម្បីរៃអង្គាសប្រាក់ចំនួន ៩០ពាន់លានអឺរ៉ូ (ប្រមាណជា ១០៥ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន។
អ្នកនាំពាក្យរបស់គណៈកម្មការ លោកស្រី Paula Pinho បាននិយាយនៅថ្ងៃចន្ទថា៖ «ការពិភាក្សា នឹងបន្តមាន រហូតដល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុប នាសប្តាហ៍ក្រោយ ដែលគោលបំណងចង់បានការសម្រេចចុងក្រោយ»។
ជាមួយគ្នានេះ លោកស្រី Pinho បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតនោះឡើយ អំពីជំនួបដែលប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អធិការបតីអាល្លឺម៉ង់ Friedrich Merz និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever បានធ្វើឡើងកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីកង្វល់នេះ៕