ភ្នំពេញ៖ មន្ត្រីសុខាភិបាល បាននិយាយថា ការចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំដល់ក្រោម ៥ឆ្នាំ គឺត្រូវមានបច្ចេកទេសច្បាស់ និងភាពអត់ធ្មត់ច្រើនជាងមនុស្សធំ។
អ្នកគ្រូពេទ្យ ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះ បានប្រាប់BTVថា បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ ជូនកុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ពីថ្ងៃទី២៣ រហូតដល់ថ្ងៃនេះ អាណាព្យាលបាល បានសម្រុកនាំក្មេងៗ មកទទួលការចាក់វ៉ាក់សាំងដូសទី១ ហើយក្រុមគ្រូពេទ្យមមាញឹកច្រើនក្នុងការបំពេញការងារ ហើយការចាក់វ៉ាក់សាំងជូនក្មេងៗនេះ គឺត្រូវមានបច្ចេកទេសច្បាស់ និងភាពអត់ធ្មត់ច្រើនជាងមនុស្សធំ ដោយសារ ក្មេងៗមួយចំនួនខ្លាចម្ជុល។
អាណាព្យាបាល ដែលនាំកូនមកចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពស្ទឹងមានជ័យ បាននិយាយថា បន្ទាប់ពីកូនៗបានចាក់វ៉ាក់សាំងរួច បានជួយបង្កើនទំនុកចិត្តជាងមុន ក្នុងរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ជាពិសេសបច្ចុប្បន្ន មេរោគបំប្លែងថ្មី អូមីក្រុង កំពុងរីករាលដាលក្នុងសហគមន៍។ ពួកគេ បានអរគុណរាជរដ្ឋាភិបាល ដែលបានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរាប់ពីដូសទី១ ដល់ដូសទី៤។
សម្រាប់អាណាព្យាបាល ដែលនាំកុមារទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅទីតាំងសុខាភិបាល សាធារណៈ ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ត្រូវភ្ជាប់ជាមួយនូវឯកសារដូចជា៖ សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងចំពោះកូនចៅមន្រ្តីរាជការ ថ្នាក់ជាតិវិញ ត្រូវភ្ជាប់ឯកសារ ដូចជាប័ណ្ណសម្គាល់ខ្លួនមន្រ្តីរាជការ ឬប័ណ្ណសម្គាល់មន្រ្តីជាប់កិច្ច សន្យា៕ អត្ថបទ៖ ទូច សោភ័ណ