នៅតំបន់ជាយក្រុង Mogadishu គ្រួសារជម្លៀសខ្លួនដោយសារគ្មានភ្លៀងធ្លាក់ និងបាតទន្លេស្ងួតហួតហែង ស្ថិតនៅភាគខាងត្បូងប្រទេសសូម៉ាលី នាំគ្នាប្រមូលកំណាត់ និងឈើ ដើម្បីធ្វើជាជម្រកជ្រកកោនបណ្តោះអាសន្ន ដែលជាផ្នែកមួយនៃកំណើនរលកជម្លៀសខ្លួនបង្កឡើងដោយសារគ្រោះរាំងស្ងួត ។
អ្នកស្រី Khadijo Ali ដែលបានទៅដល់តំបន់ជាយក្រុង Mogadishu ក្រោយធ្វើដំណើរអស់រយៈពេល ៨ថ្ងៃចេញពីទីក្រុង Qoryoley និយាយថា ការចាកចោលលំនៅដ្ឋាន គឺជារឿងឈឺចាប់ខ្លាំងណាស់ ។
អ្នកស្រីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងត្រូវទុកចោលកូនៗរបស់ពួកយើង និងមនុស្សចាស់ឲ្យនៅផ្ទះក្នុងទីក្រុង Qoryoley ដោយសារពួកគេគ្មានកម្លាំងធ្វើដំណើររយៈពេល ៨ថ្ងៃមកកាន់ទីក្រុង Mogadishu នោះឡើយ ។ ទីក្រុងរបស់ពួកយើងប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ហើយទន្លេរីងស្ងួតអស់ហើយ ពួកយើងបាត់បង់អ្វីៗគ្រប់បែបយ៉ាងទាំងអស់ ។
អ្នកស្រី Hawa Ali Falxad គឺជាប្រធានជំរំជនភៀសខ្លួន និយាយថា មនុស្សថ្មីជាង ៤០០គ្រួសារ បានធ្វើដំណើរមកដល់ជំរំរបស់អ្នកស្រី ក្នុងរយៈពេលថ្មីៗនេះ ដោយភាគច្រើននៃពួកគេធ្វើដំណើរមកពីទីក្រុង Barire, Balow និងទីក្រុង Qoryoley ដែលហែកហួរដោយសារគ្រោះរាំងស្ងួត និងអសន្តិសុខ ។ អ្នកស្រីថា ពេលមកដល់ពួកគេពុំទទួលបានជំនួយពីទីភ្នាក់ងារជំនួយនោះទេ ។
ការជម្លៀសខ្លួននេះ កើតមានឡើង ស្របពេលដែលក្រុមរដ្ឋមន្រ្តីជួបជុំគ្នានៅទីក្រុង Nairobi ប្រទេសកេយ៉ានាថ្ងៃចន្ទនេះ សម្រាប់ការបើកអង្គប្រជុំលើកទី ៧ នៃសន្និបាតបរិស្ថានអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ការជំរុញដំណោះស្រាយប្រកបដោយចីរភាពសម្រាប់ភពផែនដីដ៏ធន់” ។ សន្និបាតនេះ នឹងគិតគូរពីដំណោះស្រាយព្រាងចំនួន ១៩ ចាប់ពីនិរន្តរភាព AI រហូតដល់ភ្លើងឆេះព្រៃ និងវដ្តជលសាស្ត្រ ។
នៅទូទាំងប្រទេសសូម៉ាលី ការពុំមានភ្លៀងធ្លាក់អំឡុងខែតុលា-ធ្នូ បានធ្វើឲ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរខ្លាំងនៅតាមតំបន់ផលិតគ្រាប់ធញ្ញជាតិសំខាន់ៗនៅភាគខាងត្បូង ។
កាលពីថ្ងៃទី ១០ ខែវិច្ឆិកា រដ្ឋាភិបាលសហព័ន្ធសូម៉ាលី បានប្រកាសគ្រាអាសន្នគ្រោះរាំងស្ងួត ហើយអង្គការសហប្រជាជាតិ បានផ្តល់ជំនួយ ១០លានដុល្លារសម្រាប់វិធានការដំបូង និងបានព្រមានថា មនុស្ស ៤,៤លាននាក់ អាចប្រឈមអសន្តិសុខស្បៀងធ្ងន់ធ្ងរ ហើយកុមារ ១,៨៥លាននាក់ ស្ថិតក្រោមអាយុ ៥ឆ្នាំ ប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ៕